សម្តេចធិបតី កោតសរសើរស្នាដៃរបស់កងកម្លាំងនគរបាល ដែលប្រឆាំងមិនឲ្យកើតមានអំពើភេរវកម្ម និងទប់ស្កាត់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរនូវស្នាដៃរបស់កងកម្លាំងនគរបាលដែលបានចូលរួមការពារសុខសន្តិភាព ការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ និងប្រឆាំងមិនឲ្យកើតមានអំពើភេរវកម្ម និងទប់ស្កាត់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៨០ឆ្នាំនៃការកកើត កងកម្លាំងនគរបាលជាតិ គឺជាការរំលឹក និងដឹងគុណនូវវីរភាពយុទ្ធមិត្តនគរបាលគ្រប់ជំនាន់ ដែលបានពលីគ្រប់បែបយ៉ាងបុព្វហេតុសន្តិភាព និងមួយវិញទៀត គឺជាការប្តេជ្ញាចិត្តជាថ្មីទៀតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងស្ថាប័នមួយនេះ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីបានលើកឡើងថា កងកម្លាំងនគរបាលជាតិ បានធ្វើការយ៉ាងសកម្មក្នុងការចូលរួមភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងការជួយអន្តរាគមន៍បង្រ្កាបបទល្មើសគ្រប់ ប្រភេទ និងការបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋជាដើម៕

