សម្តេចធិបតី ហ៊ុន ម៉ាណែត សន្ទនាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី តាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។
លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តមធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។
សម្តេចបវរធិបតី មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសយើងទាំងពីរនិងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនកម្ពុជានិងអូស្ត្រាលី ៕
