ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចាត់បញ្ជូនតំណាងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ នៅស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានចាត់បញ្ជូន លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ នាយកសាខា និង លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យកាល់ពីថ្ងៃទី១ ឧសភា ២០២៥ ចំនួន ១គ្រួសារ នៅភូមិខ្នារទៃមោក ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងនោះផងដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងបាត់បង់វត្ថុមានតម្លៃក្នុងគ្រោះ អគ្គិភ័យនេះដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ហើយលោកបានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀតដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត។
សម្ភារដែលចែកជូនគ្រួសាររងគ្រោះមាន៖
១/ សាខា៖ អង្ករ ២៥គ.ក្រ, មី១កេះ, ត្រី ខ ១០កំប៉ុង, ឃីត១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមា១),តង់ធំ ១,សម្ភារផ្ទះបាយមួយចំនួន, ឃីតធំ១, ថវិកា ២០០,០០០រៀល។
២/,អនុសាខា ៖ អង្ករ ៥០គ.ក្រ, មី ១កេះ, ត្រី ខ ១០កំប៉ុង, មុង ១ ភួយ ១ សារុង ១ ក្រមារ ១,កន្ទេល ១, សម្ភារផ្ទះបាយមួយចំនួន, និងថវិកា ២០០,០០០រៀល+ថវិកាឃុំក្រាំងល្វា ៦០,០០០រៀល។
ជាមួយគ្នានោះដែរ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានសន្យាសាងសង់ផ្ទះថ្មីជូនគ្រួសាររងគ្រោះផងដែរ៕

