ឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា ចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានពិភាក្សាអំពីរបៀបវារៈសំខាន់ៗរួមមាន កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការដាក់បញ្ចូលទីម័រឡេស្តេ ជាប្រទេសសមាជិកពេញសិទ្ធិរបស់អាស៊ាន សំណើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទំនាក់ទំនងដៃគូក្រៅអាស៊ាន និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥៕

