សម្ដេចធិបតី៖ កិច្ចអភិវឌ្ឍរបស់កម្ពុជា មិនមែនធ្វើតែនៅភ្នំពេញនោះទេ គឺពង្រាយនៅពាសពេញផ្ទៃប្រទេស

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កិច្ចអភិវឌ្ឍរបស់កម្ពុជា មិនមែនធ្វើតែនៅភ្នំពេញនោះទេ បច្ចុប្បន្នបានពង្រាយនៅពាសពេញផ្ទៃប្រទេស។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានមានប្រសាស៍ថា ផ្លូវទាំង៣ខ្សែ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជាបន្ថែមនូវបណ្តាញផ្លូវតភ្ជាប់ដ៏ប្រទាក់ក្រឡាគ្នានៅខេត្តភាគនិរតី ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តភាគនិរតី មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រដូចការរៀបចំបណ្តាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស គឺត្រូវតែរត់ទៅគ្រប់កោសិកា ទើបរាងកាយរឹងមាំល្អ។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនអភិវឌ្ឍតែនៅភ្នំពេញនោះទេ គឺត្រូវតែអភិវឌ្ឍនៅគ្រប់ខេត្ត៕













