សម្ដេចធិបតី៖ ជីវិតពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ គឺ កត្តាសុខភាព, កត្តាចំណេះដឹង និងកត្តាជីវភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជីវិតពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ ក្នុងនោះមាន៖ ទី១. កត្តាសុខភាព, ទី២. កត្តាចំណេះដឹង និងទី៣. កតា្តជីវភាព តាមរយៈការផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញខ្លាំងណាស់ លើគោលនយោបាយអាទិភាព និងវិធានគន្លឹះនានាដើម្បីធ្វើយ៉ាងណាផ្ដល់នូវអាទិភាពទាំងនេះទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង និងចំគោលដៅ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា តាមរយៈការគិតគូរដល់ជីវភាពប្រជាពលរដ្ឋ និងមន្ត្រីរាជការ កាលពីថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ សម្ដេចទើបតែចុះហត្ថលេខាលើ អនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន ២ម៉ឺនរៀលបន្ថែមទៀត។
សម្ដេចធិបតី បានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនក្នុងការទិញរថយន្តជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន ក្រៅពីនេះការទិញអចលនទ្រព្យជាលក្ខណៈគ្រួសារក៏មានការកើនឡើងផងដែរ។
សម្តេចធិបតី បានបន្តថា លទ្ធផលនេះបង្ហាញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា ៕

