សម្ដេចធិបតី៖ រយៈពេលមួយឆ្នាំមកនេះ សម្ដេចបានចុះហត្ថលេខាឱ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពតពីរបីទៅហើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រយៈពេលមួយឆ្នាំមកនេះ សម្ដេចបានចុះហត្ថលេខាឱ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពតពីរបីទៅហើយ ខណៈកាលពីពេលថ្មីៗនេះ ទើបតែបានសម្ពោធជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងកំពុងបន្តវិនិយោគលើរោងចក្រមួយចំនួនទៀត។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញកំណើនវិនិយោគជាច្រើនមកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្តដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន ៕

