សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពឯកឧត្តម មួង ប៉យ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ សឺ ជិប និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម មួង ប៉យ សមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា និងជាអតីតប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី កាលពីថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយរោគាពាធ។ពិធិនេះរៀបចំឡើង នៅគេហដ្ឋានក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត បាននាំនូវសារលិខិតចូលរួមរំលែកទុក្ខរមណទុក្ខរបស់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលមានខ្លឹមសារថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្តែង ការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអតីត ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគិរី ដែលជាការបាត់បង់ស្វាមី ឪពុកដ៏ល្អ ជីតាដែលមានព្រហ្មវិហារធម៌ គុណធម៌ប្រពៃថ្លៃថ្លា ចំពោះកូន ចៅ សាច់ញាតិ និងក្រុមគ្រួសារទាំងអស់។
ការលាចាករបស់ឯកឧត្តម ក៏ជា ការបាត់បង់នូវឥស្សរជននយោបាយមួយរូបរបស់កម្ពុជា ដែលធ្លាប់បានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ ក្នុងសុខសន្តិភាព។ ទន្ទឹមនេះ ក្នុងឋានៈជាសមាជិក ព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តមមួយរូប បានរួមចំណែកយ៉ាងសកម្មក្នុងស្ថាប័ននីតិប្បញ្ញត្តិ ជាមួយនឹងកិច្ចការងារ មនុស្សធម៌របស់ឯកឧត្តម ប្រកបដោយឧត្តមគតិខ្ពស់ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម មួង ប៉យ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកជំទាវ សឺ ជិប និងក្រុមគ្រួសារសពក្រៅពីគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់តំណាងមកចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយើងខ្ញុំ និងសូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ៕

