ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាសនា មានសារៈសំខាន់ក្នុងការអប់រំ ទូន្មានប្រៀនប្រដៅមនុស្សដើរតាមគន្លង និងមានផ្នត់គំនិតល្អ ប្រកបដោយសីលធម៌ និងចរិយាល្អ

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងធម្មការ និងសាសនា» នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ហើយសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។សាសនា ក៏ត្រូវបានកំណត់ជាបាវចនានៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ ទូន្មាន ប្រៀនប្រដៅមនុស្សឱ្យដើរតាមគន្លង និងមានផ្នត់គំនិតល្អ ប្រកបដោយចរិយាធម៌ និងសីលធម៌។”
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមផងដែរថា “ក្នុងនាមជាសាសនារបស់រដ្ឋ និងរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើន ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងសាមគ្គីភាព របស់ប្រជាជាតិខ្មែរ ដើម្បីចូលរួមចំណែកការពារ និងអភិរក្សប្រពៃណី អត្តសញ្ញាណជាតិ និងបុព្វហេតុសង្គមជាតិជារួម។”
ទន្ទឹមនឹងការស្វែងយល់ពីសារៈសំខាន់នៃសាសនានូវក្នុងវប្បធម៌ខ្មែរនេះ ការវិភាគមុខងារនឹងចូលរួមចំណែកក្នុងការជួយពង្រឹងស្ថាប័ន ជាពិសេសជួយពង្រឹងនូវការអនុវត្តការងាររបស់ក្រសួងធម្មការនិងសាសនា ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងសម្រេចបាននូវសមិទ្ធផលផ្សេងៗ ជូនប្រទេសជាតិ និងប្រជាជនផង។
សូមជម្រាបផងដែរថា គិតមកត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងធម្មការនិងសាសនា ជាក្រសួងទី២៤ ដែលក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន»៕

