សម្ដេចធិបតី៖ ការដែលចង់ឲ្យបងប្អូនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធគឺមិនមែនដើម្បីបង់ពន្ធនោះទេ គឺដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដែលចង់ឲ្យបងប្អូនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធគឺមិនមែនដើម្បីបង់ពន្ធនោះទេគឺដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។
ការថ្លែងបែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំគិតគូរផលប្រយោជន៍បន្ថែមទៀតលើសុខភាពចំពោះអ្នកធ្វើការងារក្រៅប្រព័ន្ធ អ្នកស្វ័យនិយោជ ដើម្បីលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ។
សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ជំរុញការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ឱ្យមកចុះឈ្មោះចូលរៀនឱ្យបានច្រើនដើម្បីពលរដ្ឋអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង ៕

