រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក បានដំឡើងចំណាត់ថ្នាក់សុវត្ថិភាពផ្លូវអាកាសរបស់ប្រទេសថៃទៅជា «ប្រភេទទី១»

វ៉ាស៊ីនតោន៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក (FAA) បានដំឡើងចំណាត់ថ្នាក់សុវត្ថិភាពផ្លូវអាកាសរបស់ប្រទេសថៃទៅជា «ប្រភេទទី១» មួយទសវត្សរ៍បន្ទាប់ពីការទម្លាក់ចំណាត់ថ្នាក់ ដោយត្រួសត្រាយផ្លូវសម្រាប់ជើងហោះហើរត្រង់សហរដ្ឋអាម៉េរិក-ថៃ ឱ្យដំណើរការឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអាចបើកដំណើរការ ឬពង្រីកសេវាកម្មទៅកាន់សហរដ្ឋអាម៉េរិកដោយផ្ទាល់ ឬជាដៃគូចែករំលែក ក្រោមការវាយតម្លៃសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ «ប្រភេទទី២» ដែល FAA បានកំណត់ក្នុងឆ្នាំ២០១៥ ដោយសារកង្វះមន្ត្រីបច្ចេកទេស និងបញ្ហាបញ្ជាក់ក្នុងការដឹកជញ្ជូនទំនិញគ្រោះថ្នាក់។ ចំណាត់ថ្នាក់កំពូលបង្ហាញពីការអនុលោមតាមស្ដង់ដារអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិកបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ថៃបានដោះស្រាយកង្វល់សុវត្ថិភាពដ៏សំខាន់មួយដែលបានកំណត់តាមរយៈកម្មវិធីត្រួតពិនិត្យសុវត្ថិភាពជាសកលរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ក្នុងឆ្នាំ២០១៥។
គួររំឭកថា នៅមុនចុងឆ្នាំ២០១៥ ក្រុមហ៊ុន Thai Airways មានជើងហោះហើរត្រង់រវាងរាជធានីបាងកក ទីក្រុងញូវយ៉ក និងទីក្រុងឡូសអេជឺលេស។ ក្នុងឆ្នាំ២០១៧ ថៃបានប្រកាសថា ខ្លួនមានគោលបំណងដើម្បីទទួលបានការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់សុវត្ថិភាពអាកាសនៅឆ្នាំ២០១៨ ហើយឆ្នាំ២០២៥នេះ ពួកគេអាចសម្រេចបានពិតមែន។ រាជធានីបាងកក គឺជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ ហើយថៃបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេសច្រើនជាង៣៥លាននាក់កាលពីឆ្នាំមុន៕
