ម៉ាឡេស៊ី និងចិនបានព្រមព្រៀងបន្តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់រយៈពេល៥ ឆ្នាំបន្ថែមទៀត

គូឡាឡាំពួ៖ ម៉ាឡេស៊ី និងចិនបានព្រមព្រៀងបន្តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់រយៈពេល៥ ឆ្នាំបន្ថែមទៀត ដែលអាចជះឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍។
កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់ចំនួន៣១ ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។ ការលើកលែងទិដ្ឋាការអនុញ្ញាតឱ្យអ្នកទេសចរចិនស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីរហូតដល់៩០ថ្ងៃ ខណៈដែលប្រទេសចិនបានផ្តល់ការអនុញ្ញាតស្រដៀងគ្នាសម្រាប់ប្រជាជនម៉ាឡេស៊ី។ ការពន្យាររយៈពេលនេះស្របទៅតាមគំនិតផ្តួចផ្តើមសេរីភាវូបនីយកម្មទិដ្ឋាការរបស់ប្រទេសម៉ាឡេស៊ីសម្រាប់អ្នកដំណើរមកពីប្រទេសចិន និងឥណ្ឌា ដែលបានអនុវត្តនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ គំនិតផ្តួចផ្តើមនេះបានបង្ហាញឱ្យឃើញប្រសិទ្ធភាពក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈឧស្សាហកម្មទេសចរណ៍ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការមកដល់នៃភ្ញៀវទេសចរពីប្រទេសចិន។ គិតត្រឹមខែមេសាឆ្នាំនេះ ម៉ាឡេស៊ីបានកត់ត្រាចំនួនភ្ញៀវទេសចរចិនជិត៩ សែននាក់ឯណោះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី លោក នីហ្គេល វង្ស (Nigel Wong) បាននិយាយថា ការបន្តទិដ្ឋាការនឹងអនុញ្ញាតឱ្យឧស្សាហកម្មទេសចរណ៍អភិវឌ្ឍទីផ្សារកាន់តែប្រសើរឡើង ដោយបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់បទពិសោធច្នៃប្រឌិត ដូចជាទេសចរណ៍ម្ហូបអាហារ បេតិកភណ្ឌ និងវប្បធម៌ ក៏ដូចជាផលិតផលទេសចរណ៍ធម្មជាតិ។
លោកក៏រំពឹងថា អត្ថប្រយោជន៍នៃការបន្ថែមទិដ្ឋាការនឹងមានផលបន្ថែមលើយុទ្ធនាការទស្សនាប្រទេសម៉ាឡេស៊ីឆ្នាំ២០២៦ (Visit Malaysia 2026) ដែលមានគោលបំណងជំរុញចំនួនភ្ញៀវទេសចរ ដោយរំពឹងថានឹងមានការមកដល់អន្តរជាតិចំនួន ៣៥,៦លាននាក់ និងរកចំណូលបា ៣៣ ពាន់លានដុល្លារ៕
