ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញល្បិចឆបោកបែបថ្មី របស់ជនបរទេសស្បែកខ្មៅ «យកប្រាក់ដុល្លារពិត ក្រឡុកជាមួយដុល្លារក្លែងក្លាយ»

ភ្នំពេញ៖ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥នេះ បានបើកបង្ហាញពីកលល្បិចឆបោកបែបថ្មីមួយបែបទៀតរបស់ជនបរទេសស្បែកខ្មៅ៥នាក់ដែលបន្លំយកក្រដាសប្រាក់ក្លែងក្លាយលាយក្រឡុកជាមួយប្រាក់ពិតក្នុងម៉ាស៊ីន ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានមួយករណីទៀត ក្រោមរូបភាពឆបោក (ក្រឡុកប្រាក់ដុល្លារក្លែងក្លាយជាមួយប្រាក់ពិត) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥របស់ក្រុមជនបរទេសស្បែកខ្មៅ ។ ក្នុងនោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។
ក្រោយកើតឡើងករណីនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រុងប្រយ័ត្ន ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានរៀបរាប់អំពីដំណើរដើមទងករណីឆបោកបែបថ្មីនេះថា មានជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ៥នាក់ លួងលោមថា ពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន ហើយពួកគេនឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។
ឧត្តមសេនីយ៍ឯកបន្តថា ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន២ពាន់ដុល្លារ ឲ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកគេក៏លេបឲ្យមើលមុនផងដែរ ។ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដអាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឲ្យដឹងទៀត ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។ ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច)៕

