សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់ធ្វើការនៅក្នុងរោងចក្រនោះ។
ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើង គ្រឿង បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia ថែមទៀត។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្តថា កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ខណៈបើប្រទេសមានសង្គ្រាម គិតតែច្បាំងគ្នា គឺមិនអាចអភិវឌ្ឍន៍ ឬធ្វើអ្វីបានឡើយ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបង្ហាញក្ដីរីករាយដែលបានត្រលប់មកកាន់រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនៅព្រឹកនេះ ខណៈរោងចក្រនេះ គឺជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅខេត្តពោធិ៍សាត់ក៏ដូចជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស៕

