សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ខណៈបើប្រទេសមានសង្គ្រាម គិតតែច្បាំងគ្នា គឺមិនអាចអភិវឌ្ឍន៍ ឬធ្វើអ្វីបានឡើយ។
ការថ្លែងបញ្ជាក់បែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបង្ហាញក្ដីរីករាយដែលបានត្រលប់មកកាន់រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនៅព្រឹកនេះ ខណៈរោងចក្រនេះ គឺជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅខេត្តពោធិ៍សាត់ក៏ដូចជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ពោធិ៍សាត់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទដែលបានចូលរួមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ ប្រកបដោយភាពសប្បាយរីករាយគ្រប់ទីកន្លែង ៕
