សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មនុស្សខ្លះ ដែលមាននិន្នាការ ប្រឆាំងបាននាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះ លើផ្លូវដែលជាជំនួយឧបត្ថម្ភគាំទ្រ របស់មិត្តដែកថែបចិនទៅវិញ។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានលើកឡើងថា ប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ខណៈប្រទេសយើងជាប្រទេសតូចដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។
សម្ដេចធិបតីបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន៕

