ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រឹង ពង្រីកកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ជួបសម្តែង ការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត ព្រះរាជាណាចក្រ ថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តី សោមនស្ស រីករាយ និង មាន កិត្តិយស ដែលត្រូវ បានតែងតាំងជាឯកអគ្គរាជទូត ព្រះរាជាណាចក្រ ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបាន សម្តែង នូវការ ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។
ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតថៃ -កម្ពុជា ហើយចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ រវាងប្រទេសទាំងពីរក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរដល់កម្ពុជាដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកឧត្តមនឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងឱកាសវិនិយោគនៅក្នុងខេត្តទាំងបួននេះ។
ឯកឧត្តមឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត និងខិតខំជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុង ក្រប ខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និង ក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Tull TRAISORAT ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។
សម្ដេចបវរធិបតីបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំកម្ពុុជា ឯកឧត្តមនឹងចូលរួមចំណែកដល់ការពង្រឹង និង ពង្រីក ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងទៀត។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារ ជាតិ និងសន្តិសុខ, ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនជាដើម៕

