សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»នេះ, រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗចំនួន ៣ប្រភេទ, ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា ការប្រាក់សមរម្យ, និងទី៣). ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» គឺល្អប្រសើរហើយ ប៉ុន្ដែអ្វីដែលសំខាន់គឺការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ដូច្នេះសម្ដេចបានជំរុញឱ្យគណៈកម្មាធិការ និងខេត្តពាក់ព័ន្ធត្រូវអនុវត្តលើការផ្ដល់សេវាផ្សេងៗឱ្យបានលឿន រហ័សទៅដល់វិនិយោគិន។
សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ដល់ក្រុមអ្នកវិនិយោគលើ សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈខេត្តទាំង៤នេះ មានសក្ដានុពលលើ វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ៕

