កម្ពុជា-ហ្វាំងឡង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានឆ្ពោះទៅរកអព្យាក្រឹតកាបូន

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។
ជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វាំងឡង់លើវិស័យបរិស្ថាន ជាពិសេសការគ្រប់គ្រងកាកសំណល់គ្រោះថ្នាក់ និងការកែច្នៃថ្មពិល។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាដោយសារសន្តិភាព និងស្ថិរភាពនយោបាយ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពជោគជ័យនៃយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងបានបញ្ជាក់ពីគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងការសាទរចំពោះការងាររបស់ក្រសួងបរិស្ថាន និងបានបង្ហាញពីឆន្ទៈរបស់ហ្វាំងឡង់ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងកាកសំណល់ និងកែច្នៃថ្មពិល។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើការកសាងសមត្ថភាព ការផ្ទេរចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។
ភាគីទាំងពីរបានពិភាក្សាអំពីការស្វែងយល់ពីបច្ចេកវិទ្យាបម្លែងទីក្រុងឱ្យទៅជាតំបន់អព្យាក្រឹតកាបូន និងការជំរុញវិនិយោគបៃតងនៅកម្ពុជា។
ជំនួបនេះបានបញ្ចប់ដោយភាពរីករាយ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងហ្វាំងឡង់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ៕

