អនុរដ្ឋមន្ត្រីការបរទេសថៃ៖ ការនិរទេសជនជាតិអ៊ុយហ្គ័រ ៤៨នាក់របស់ថៃ ត្រលប់ទៅចិនវិញ ជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍

បាងកក៖ អនុរដ្ឋមន្ត្រីការបរទេសថៃ លោក រូស ចាលីចាន់ដ្រា បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៦មីនាថា ការនិរទេសជនជាតិអ៊ុយហ្គ័រចំនួន៤៨នាក់របស់ថៃ ត្រលប់ទៅកាន់ប្រទេសចិនវិញកាលពីសប្តាហ៍មុន គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ ដោយសារលទ្ធភាពនៃការសងសឹកពីរដ្ឋធានីប៉េកាំង ប្រសិនបើក្រុមជនជាតិភាគតិចនេះ ត្រូវបានបញ្ជូនទៅកាន់កន្លែងផ្សេង។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ប្រទេសចិនពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើជនជាតិអ៊ុយហ្គ័រ ដែលជាជនជាតិភាគតិចមូស្លីមមានចំនួនប្រហែល១០លាននាក់នៅក្នុងតំបន់ភាគពាយ័ព្យនៃតំបន់ស៊ីនជាំង។ រដ្ឋធានីប៉េកាំង បដិសេធរាល់ការបំពាន។ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) បានជំរុញប្រទេសថៃ កុំឱ្យបញ្ជូនជនជាតិអ៊ុយហ្គ័រចំនួន៤៨នាក់ ដែលកំពុងជាប់ឃុំខ្លួនទៅកាន់ប្រទេសចិនវិញ ដោយព្រមានថា ពួកគេប្រឈមមុខនឹងការធ្វើទារុណកម្ម អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ យ៉ាងណា រាជរដ្ឋាភិបាលថៃ បានលាងភាពស្អាតស្អំជុំវិញការធ្វើមាតុភូមិនិវត្តន៍នេះ ដោយបានអះអាងក្តែងៗថា ខ្លួនបានប្រព្រឹត្តទៅតាមច្បាប់ និងកាតព្វកិច្ចសិទ្ធិមនុស្ស។
អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃ លោក រូស និយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមួយចំនួនបានផ្តល់ការតាំងទីលំនៅថ្មីដល់ជនជាតិអ៊ុយហ្គ័រ។ ការលើកឡើងបែបនេះ គឺផ្ទុយពីការអត្ថាធិប្បាយរបស់មន្ត្រីថៃមុនៗ ដែលថាមិនមានសំណើបែបនេះ ត្រូវបានធ្វើឡើងនោះទេ។ លោក រូស បន្តថា ប៉ុន្តែការផ្តល់ជូនពីប្រទេសទីបី គឺមិនប្រាកដប្រជា។ ថៃអាចប្រឈមមុខនឹងការសងសឹកពីប្រទេសចិនដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនថៃជាច្រើន ដោយបន្ថែមថា ការបញ្ជូនក្រុមនេះទៅប្រទេសចិនវិញ គឺជាជម្រើសដ៏ល្អបំផុត។ លោកមិនបានបញ្ជាក់លម្អិតអំពីការសងសឹកដែលអាចកើតមាននោះទេ។
សហរដ្ឋអាម៉េរិក កាណាដា និងអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសបានស្នើផ្តល់ការតាំងទីលំនៅថ្មីដល់ជនជាតិអ៊ុយហ្គ័រ ប៉ុន្តែរដ្ឋធានីបាងកកមិនខ្វាយខ្វល់ឡើយ ព្រោះខ្លាចធ្វើឱ្យចិនអន់ចិត្ត។ ក្រសួងការបរទេសចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងសប្តាហ៍នេះថា បុគ្គលដែលថៃបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ គឺជាជនចំណាកស្រុកខុសច្បាប់ ហើយដំណើរការនេះត្រូវបានអនុវត្តស្របតាមច្បាប់ចិន ថៃ និងអន្តរជាតិ។ បិតាប្រជាធិបតេយ្យអាម៉េរិក ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា បានថ្កោលទោសថៃ ជុំវិញការបញ្ជូនជនជាតិអ៊ុយហ្គ័រចំនួន៤៨នាក់ទៅចិនវិញ។ ចំណាត់ការរបស់ថៃ កើតឡើង បើទោះបីជាមានការជំរុញដោយអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មិនឱ្យបញ្ជូនជនជាតិអ៊ុយហ្គ័រទៅប្រទេសចិនវិញក៏ដោយ។
ជនជាតិអ៊ុយហ្គ័រ ត្រូវបានរាជរដ្ឋាភិបាលថៃឃុំឃាំងអស់មួយទសវត្សរ៍ ត្រូវបានគេព្រមានថា ពួកគេប្រឈមនឹងហានិភ័យនៃការធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការដាក់ទោសរហូតដល់ស្លាប់ជាដើម ប្រសិនបើបញ្ជូនត្រឡប់ទៅដល់ប្រទេសចិនវិញ។ គួរបញ្ជាក់ថា ជនជាតិអ៊ុយហ្គ័រចំនួន៤៨នាក់ដែលត្រូវបាននិរទេស កាលពីសប្តាហ៍មុន គឺជាផ្នែកមួយនៃក្រុមចំនួន៣០០នាក់ ដែលបានភៀសខ្លួនចេញពីប្រទេសចិន ហើយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០១៤។ ពួកគេមួយចំនួនត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ និងមួយចំនួនទៀតទៅកាន់ប្រទេសតួកគី ចំណែកអ្នកដែលនៅសេសសល់ ត្រូវជាប់ក្នុងមន្ទីរឃុំឃាំងរបស់ប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍៕

