រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូន ឯកឧត្តម Zurab Pololikashvili អគ្គលេខាធិការនៃអង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជាជាមួយអង្គការទេសចរណ៍សហប្រជាជាតិ និងស្នើ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ ដោយសារ UN Tourism មានបណ្តាញសមាជិក និងដៃគូដ៏មានឥទ្ធិពល ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជាពិសេសស្នើ UN Tourism ចែករំលែកទិន្នន័យទាក់ទងទៅនឹងនិន្នាការទេសចរណ៍ តម្រូវការទីផ្សារ និងចំណង់ចំណូលចិត្តរបស់អ្នកទស្សនា ព្រមទាំងស្នើសុំ UN Tourism ចែករំលែកបទពិសោធ និងគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានជាគោលការណ៍ណែនាំស្តីពី “ភូមិទេសចរណ៍គំរូ (Best Tourism Village)” នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីចូលរួមធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប ជាពិសេសនៅតាមតំបន់ជនបទ ឬដាច់ស្រយាល ៕

