នគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការត្រួតពិនិត្យ តេស្តរកសារធាតុញៀន លើអ្នកបើកបរថយន្តធុនធំ

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តការត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះ កម្លាំងនគរបាលយើង បានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង អ្នកបើកចរចំនួន៤៩នាក់ ដើម្បីត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លទ្ធផលបានបង្ហាញអវិជ្ជមាន គ្មានសារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានថ្លែងថា ៖ គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺនគរបាលយើងធ្វើឡើងដើម្បី ធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍និងជាការបង្ការ ទប់ស្កាត់ អ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង ក៏បានអំពាវនាវដល់គ្រប់អ្នកបើកបររថយន្តតូច-ធំ ក៏ដូចជាទោចក្រក្រយានយន្ត ដែលប្រើប្រាស់ផ្លូវសាធារណៈគឺត្រូវចូលរួមគោរពច្បាប់ចរចរណ៍ទាំងអស់គ្នា បើកបរមិនស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹងនិងក្រោមឥទ្ធិពលសារធាតុញៀននោះឡើយ បើសិនជាការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និង ប្រើប្រាស់្រគ្រឿងឲងញៀន វានឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលនាំឲ្យគ្រោះថ្នាក់ខ្លួនឯងក៏ដូចជាអ្នកដ៏ទៃ ៕

