រដ្ឋមន្ដ្រីទេសចរណ៍ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានសម្រួល កម្រៃសិទ្ធិហោះហើរតែម្ខាង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិ ចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ

ភ្នំពេញ៖ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា បានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលកន្លងមកបានសម្រួល កម្រៃសិទ្ធិហោះហើរតែម្ខាង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការ ជើងហោះហើរអន្តរជាតិ ចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បន្តថា លើសពីនោះទៀត ព្រមទាំងបានកាត់បន្ថយកម្រៃសេវានាំផ្លូវ សុំសម្រាប់ការចុះចតចំនួន៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រាប់រដូវកាលបៃតង។
ឯកឧត្ដមបានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្ដម ហួត ហាក់ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាកញ្ចប់ក្នុងការកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង ប្រព័ន្ធអេកូឡូស៊ីតែមួយរបស់រាជរដ្ឋាភិបាល និងបានបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិច (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)។ ពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការ ក្នុងការបោះពុម្ពទិន្នន័យ និង QR Code សម្រាប់បិទលើសន្លឹកលិខិតឆ្លងដែនជនបរទេស ជំនួសឱ្យការប្រើប្រាស់សន្លឹក ទិដ្ឋាការស្ថិត និង/ឬការប្រថាប់ត្រា ជំនាញអន្តោប្រវេសន៍៕

