ក្រុមការងារហិរញ្ញវត្ថុ មានមូលដ្ឋាននៅប៉ារីស បានបញ្ចូលប្រទេសឡាវទៅក្នុងបញ្ជីប្រផេះរបស់ខ្លួន ដោយមានការព្រួយបារម្ភលើការអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

វៀងចន្ទន៍៖ ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅរដ្ឋធានីប៉ារីស បានបញ្ចូលប្រទេសឡាវទៅក្នុងបញ្ជីប្រផេះរបស់ខ្លួន ដោយសារតែមានការព្រួយបារម្ភលើការអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ខណៈហ្វីលីពីនបាន រលាស់ខ្លួនចេញពីបញ្ជីប្រផេះនេះដោយជោគជ័យ បន្ទាប់ពីកែលម្អបទប្បញ្ញត្តិសំខាន់ៗមួយចំនួន។
ការសម្រេចចិត្ត បានអនុវត្តតាមសម័យប្រជុំពេញអង្គដំបូងរបស់ក្រុមការងារហិរញ្ញវត្ថុនៅដើមឆ្នាំនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ដោយនាំមកនូវបច្ចុប្បន្នភាពសំខាន់ៗ ចំពោះការត្រួតពិនិត្យហិរញ្ញវត្ថុសកល។
ក្រុមការងារហិរញ្ញវត្ថុ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ការផ្ដល់ហិរញ្ញប្បទានភេរវកម្ម និងការផ្ដល់មូលនិធិដល់អាវុធប្រល័យលោក។
ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុក៏ដោយ ក៏ប្រទេសឡាវ ត្រូវបានដាក់ក្នុងបញ្ជីប្រផេះ ដោយបង្ហាញពីការតស៊ូដែលកំពុងបន្តក្នុងការដោះស្រាយឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ នេះបើយោងតាមក្រុមការងារហិរញ្ញវត្ថុ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីការវាយតម្លៃលើវឌ្ឍនភាពរបស់ប្រទេស ចាប់តាំងពីឆ្នាំ២០២៣ ខណៈប្រទេសឡាវបានពង្រឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់ខ្លួន (FIU)ផងដែរ។
ក្រុមការងារហិរញ្ញវត្ថុនៅតែរកឃើញបញ្ហាសំខាន់ៗរួមមាន៖ ការត្រួតពិនិត្យបទប្បញ្ញត្តិទន់ខ្សោយ, ការត្រួតពិនិត្យផ្អែកលើហានិភ័យមិនគ្រប់គ្រាន់នៃវិស័យដែលមានហានិភ័យខ្ពស់ដូចជាកាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេស (SEZs), ការចែករំលែកព័ត៌មានហិរញ្ញវត្ថុមានកម្រិត និងសកម្មភាពអនុវត្តច្បាប់មិនគ្រប់គ្រាន់ប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន។
ការស្ថិតក្នុងបញ្ជីប្រផេះនេះ ធ្វើឱ្យឡាវប្រឈមការបង្កើនការត្រួតពិនិត្យពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលអាចប៉ះពាល់ដល់ការវិនិយោគបរទេស និងទំនាក់ទំនងធនាគារ។ ឥឡូវនេះ រដ្ឋាភិបាលត្រូវតែសហការជាមួយក្រុមការងារហិរញ្ញវត្ថុ ដើម្បីដោះស្រាយកង្វល់ទាំងនេះ និងពង្រឹងក្របខ័ណ្ឌប្រឆាំងការលាងលុយកខ្វក់របស់ខ្លួន។ ផ្ទុយ ពីឡាវ ហ្វីលីពីន ត្រូវ បាន គេ ដក ចេញ ពី បញ្ជី ប្រផេះ បន្ទាប់ ពី ខិត ខំ កែ ទម្រង់ ជិត បួន ឆ្នាំ។
ក្រុមការងារហិរញ្ញវត្ថុ បានទទួលស្គាល់វឌ្ឍនភាពរបស់ប្រទេសនេះ ក្នុងការរឹតបន្តឹងបទប្បញ្ញត្តិហិរញ្ញវត្ថុ ជាពិសេសតាមរយៈការធ្វើវិសោធនកម្មច្បាប់ប្រឆាំងការលាងលុយកខ្វក់ និងការកែលម្អការវាយតម្លៃហានិភ័យជាតិ។ ការវាយតម្លៃនៅនឹងកន្លែងនាពេលថ្មីៗ បញ្ជាក់ថា វិធានការទាំងនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
ការអភិវឌ្ឍត្រូវបានរំពឹងថា នឹងជំរុញទំនុកចិត្តវិនិយោគិន និងលើកកម្ពស់ស្ថានភាពហិរញ្ញវត្ថុសកលរបស់រដ្ឋធានីម៉ានីល។ ហ្វីលីពីន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រផេះកាលពីខែមិថុនា ឆ្នាំ២០២១។ កាលពីខែតុលាឆ្នាំមុន ក្រុមការងារហិរញ្ញវត្ថុបញ្ជាក់ថា ហ្វីលីពីន បានបំពេញផែនការសកម្មភាពរបស់ខ្លួនយ៉ាងល្អ។
គួររំឭកថា ក្រុមការងារហិរញ្ញវត្ថុធ្លាប់បានដាក់ហ្វីលីពីនក្នុងបញ្ជីប្រផេះនៅឆ្នាំ២០០០ សម្រាប់ការខកខានក្នុងការដោះស្រាយបញ្ហាការលាងលុយកខ្វក់នាពេលនោះ។ ប៉ុន្តែ រដ្ឋធានីម៉ានីល ត្រូវបានដកចេញវិញនៅ៥ឆ្នាំក្រោយ បន្ទាប់ពីធ្វើវិសោធនកម្មច្បាប់ធនាគាររបស់ខ្លួន។ សូមបញ្ជាក់ថា ប្រទេសដែលស្ថិតក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យខ្លាំង រហូតដល់ប្រទេសនេះ បានកែតម្រូវកំហុសដែលបានកំណត់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន៕

