សម្តេចធិបតី ផ្តាំទៅអភិបាលខេត្តទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកសាលា និងគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅឲ្យមន្ទីរជំនាញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផ្តាំទៅអភិបាលខេត្ត ជាពិសេសអភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកសាលា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅឲ្យមន្ទីរជំនាញ ដូចជាមន្ទីរអប់រំ ឱ្យជ្រើសរើស។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី បានបញ្ជាក់ថា ការជ្រើសរើស នាយកសាលាជាអ្នកគ្រប់គ្រងអង្គភាពអប់រំមួយ សំខាន់ណាស់ ក្នុងនោះការជ្រើសរើសគ្រូបង្រៀន ក៏សំខាន់ផងដែរ ដែលត្រូវយកចិត្តទុកដាក់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អភិបាលស្រុកខ្លះ មានអតីតភាពជាទាហាន ជំនាញខាងច្បាំងជាដើម ដូច្នេះការជ្រើសរើសនេះ ត្រូវធ្វើយ៉ាងណា ឱ្យមានគុណវុឌ្ឍ។
សម្តេចធិបតី បានគូសបញ្ជាក់ថា កិច្ចការនេះ ត្រូវយកចិត្តទុកដាក់ពីថ្នាក់ក្រោមទៅ កុំចាំទៅដល់លើ ប្រៀបបានជាអាគារមួយ ត្រូវការគ្រឹះរឹងមាំពីក្រោមឡើងទៅ ៕

