ប៉ាណាម៉ាតែងតែលុបឈ្មោះនាវាទាំងហ្លាយណា ដែលមិនគោរពតាមស្ដង់ដារ ចេញពីបញ្ជីរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យធ្វើនាវាចរណ៍ឆ្លងកាត់ព្រែកឡើយ

ប៉ាណាម៉ា៖ ប៉ាណាម៉ាតែងតែលុបឈ្មោះនាវាទាំងហ្លាយណាដែលមិនគោរពតាមស្ដង់ដារ ចេញពីបញ្ជីរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យធ្វើនាវាចរណ៍ឆ្លងកាត់ព្រែកឡើយ។ នេះជាការការអះអាងរបស់មន្ត្រីប៉ាណាម៉ា ដែលឆ្លើយតបទៅនឹងការរិះគន់គ្មានហេតុគ្មានផលរបស់សហរដ្ឋអាម៉េរិក ថាបានអនុញ្ញាតឱ្យបណ្តាប្រទេសជាប់ទណ្ឌកម្មធ្វើនាវាចរណ៍ឆ្លងកាត់ព្រែកជីកជ្រកក្រោមទង់ជាតិប៉ាណាម៉ា។
មន្ត្រីអាម៉េរិក និងសមាជិកសភា បានចោទប្រកាន់ប៉ាណាម៉ាថា មិនបានចាត់វិធានការអនុវត្តទណ្ឌកម្មលើនាវា និងកប៉ាល់មកពីប្រទេសនានា រួមទាំង៖ រុស្ស៊ី អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រើអំណះអំណាងទាំងនេះ ដើម្បីគំរាមកំហែងយកព្រែកជីកប៉ាណាម៉ាមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋធានីវ៉ាស៊ីនតោនបានស្នើសុំឱ្យប៉ាណាម៉ា លុបចោលការចុះបញ្ជីនៃនាវា ឬកប៉ាល់រាប់សិបគ្រឿងដែលមានប្រភពចេញពីប្រទេសជាប់ទណ្ឌកម្ម។
យ៉ាងណា អាជ្ញាធរដែនសមុទ្ទប៉ាណាម៉ាគូសបង្ហាញថា ការវាយតម្លៃថ្មីៗបំផុតនៃការចុះបញ្ជីរបស់ខ្លួនដោយក្រុមហ៊ុនត្រួតពិនិត្យកងនាវាឯករាជ្យ បានបង្ហាញពីការអនុលោមតាមស្ដង់ដារសុវត្ថិភាព និងបរិស្ថានអន្តរជាតិ៩៦,៥ភាគរយ។ អាជ្ញាធរប្រទេសអាម៉េរិកកណ្តាលមួយនេះអះអាងថា៖«អាជ្ញាធរដែនសមុទ្ទប៉ាណាម៉ា[..]បានបង្កើនកិច្ចខិតខំប្រឹងប្រែងបន្សុទ្ធនាវារបស់ខ្លួន ដោយដកចេញពីបញ្ជីឈ្មោះ រាល់នាវាដែលមិនបំពេញតាមស្ដង់ដារ។ ហើយការចុះបញ្ជីរបស់ខ្លួនមិនមែនជាជម្រកសម្រាប់ការគេចវេះពីទណ្ឌកម្មនោះទេ»។
ជាមួយគ្នា ប្រធានការិយាល័យនាវាចរណ៍របស់ប៉ាណាម៉ា លោក រ៉ាម៉ុន ហ្វ្រែនកូ (Ramon Franco) បានបន្លឺសំឡេងថា៖«យើងបានរក្សាគោលការណ៍មិនអត់ឱនចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់មិនត្រឹមត្រូវ នៃការប្រើទង់ជាតិប៉ាណាម៉ាលើនាវា»។ គួររំឭកថា កាលពីឆ្នាំ២០២៤ កប៉ាល់ចំនួន៤៦៨គ្រឿង និងនាវាសរុបចំនួន៨៧៧៣គ្រឿង បានចុះបញ្ជីមានសញ្ជាតិប៉ាណាម៉ា។ នេះបើតាមអាជ្ញាធរដែនសមុទ្ទ៕

