សម្តេចតេជោ អរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី នាពេលកន្លងទៅ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០២៣កន្លងទៅ ហើយថែមទាំងគាំទ្រចំពោះការប្រគល់អំណាចឲ្យអ្នកបន្តវេននាពេលបច្ចុប្បន្នផងដែរ។
នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសយើងដោយការការបែកបាក់សាមគ្គី សង្គ្រាម បានធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទី។ យើងបានដឹកនាំប្រទេសទាំងបាតដៃទទេ រហូតមកមានការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន ពោលគឺក្នុងអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា នេះបានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ហើយថែមទាំងធានានូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានសព្វថ្ងៃផងដែរ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានសម្តែងទំនុកចិត្តចំពោះអ្នកបន្តវេនផងដែរ ដែលមិនបានធ្វើឲ្យប្រទេសមានការច្របូកច្របល់នោះ ៕

