គណៈប្រតិភូរដ្ឋសភាហុងគ្រី ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ហុងគ្រីវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ តាមអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានទទួលនូវលទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិ និងប្រជាជននៃប្រទេសទំាងពីរ។
អញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់លោកជំទាវអនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី ព្រមទាំងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានវត្តមាន ឯកឧត្តម នូ ផល្លា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាសមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនៃសាលាខេត្តសៀមរាប និងឯកឧត្តម ឈឹម ឃឿន អគ្គនាយករងទំនាក់ទំនងអន្គរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ៕

