លោកជំទាវបណ្ឌិត ជា សិរី៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ប៊ីលានដុល្លារ កើនឡើង១២.៦% នៅឆ្នាំ២០២៤

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ប៊ីលានដុល្លារអាមេរិក កើនឡើង១២.៦% នៅឆ្នាំ២០២៤។ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដល់ ២២.៥ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង ១២.៦% ធៀបនឹងឆ្នាំ២០២៣។ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ ៧ខែនៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។
លោកជំទាវបណ្ឌិត បានបន្តថា និយាយចំពោះប្រព័ន្ធធនាគារឥណទាននៅតែបន្តកើនឡើង តែក្នុងល្បឿនយឺតជាងមុន ចំពោះការថមថយនេះ ដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំ និងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្ន ក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា យ៉ាងណាមិញ ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន១៦.៣%ជាមួយស្ថានភាពរឹងមាំ នៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។
សូមជម្រាបថា តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅឆ្នាំ២០២៣ មានប្រមាណ២០ប៊ីលានដុល្លារអាមេរិក ៕

