សម្ដេចធិបតី៖ ការជឿលើជំនឿអ្វីមួយ ជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់តម្លៃមរតកវប្បធម៌ដូនតាខ្មែរ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការជឿលើជំនឿអ្វីមួយ ជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់តម្លៃមរតកវប្បធម៌ដូនតាខ្មែរ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៥ នៃដំណើរឆ្ពោះទៅបរិវត្តកម្មវិធីឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាល់ជំនឿទាំងអស់មិនត្រូវបំផ្លាញសិទ្ធិរួមរបស់ជាតិនោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាការពារវប្បធម៌ ដូនតាខ្មែរយើង ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីតែបានអ្នកចូលមើលច្រើន ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ ជាពិសេសក្រុមអ្នកបង្កើតមានតិកាផ្សេងៗ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្ត ពិនិត្យឱ្យបានសកម្មលើរឿងនេះ ៕

