អាមេរិក នឹងដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សកំពូល របស់ UN និងមិនបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ UN ជួយជនភៀសខ្លួនប៉ាឡេស្ទីន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារទី៤កុម្ភៈថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ (UNHRC) និងមិនបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិជួយជនភៀសខ្លួនប៉ាឡេស្ទីន ឬហៅកាត់ថា UNRWA ឡើយ។
ការប្រកាសរបស់ ត្រាំ កើតឡើងនៅថ្ងៃដែលលោកបានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ខណៈអ៊ីស្រាអែលត្រូវបានចោទប្រកាន់ជាយូរមកហើយទាំងស្ថាប័នសិទ្ធិមនុស្ស និងUNRWA ពីភាពលម្អៀងប្រឆាំងនឹងខ្លួន។ បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ក៏អំពាវនាវឱ្យមានការពិនិត្យឡើងវិញនៃការចូលរួមរបស់ជនជាតិអាម៉េរិក នៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ មានមូលដ្ឋាននៅរដ្ឋធានីប៉ារីស ដែលត្រូវបានគេស្គាល់ថា UNESCO និងការពិនិត្យឡើងវិញលើការផ្ដល់មូលនិធិរបស់សហរដ្ឋអាម៉េរិក សម្រាប់អង្គការសហប្រជាជាតិ ក្រោមហេតុផលនៃភាពខុសគ្នាខ្លាំង ក្នុងកម្រិតនៃមូលនិធិលើចំណោមប្រទេសផ្សេងៗគ្នា។ សហរដ្ឋអាម៉េរិក ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ចំណាយ២២ភាគរយនៃថវិកាប្រតិបត្តិការធម្មតារបស់អង្គការសហប្រជាជាតិ ខណៈប្រទេសចិនជាអ្នករួមចំណែកធំទីពីរ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺជាស្ថាប័នមួយមានសមាជិកចំនួន៤៧ ប្រទេស ជួបប្រជុំគ្នានៅការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដើម្បីពង្រឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ គួររំឭកថា លោក ត្រាំ ក៏បានដកសហរដ្ឋអាម៉េរិកចេញពីក្រុមប្រឹក្សានេះ នៅឆ្នាំ២០១៨ ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថា លម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។ យ៉ាងណាមិញ នៅខែតុលា ឆ្នាំ២០២១ សហរដ្ឋអាម៉េរិកបានចូលរួមជាមួយ UNHRC ឡើងវិញជាផ្នែកនៃចេតនារបស់ប្រធានាធិបតី ចូ បៃឌិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមជាអន្តរជាតិរបស់អាម៉េរិក និងបន្តភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាម៉េរិកលើឆាកអន្តរជាតិ។
មុនពេលការប្រកាសរបស់មេដឹកនាំសហរដ្ឋអាម៉េរិក អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បានរំលឹកឡើងវិញអំពីសារសំខាន់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងការងាររបស់ UNRWA ក្នុងការផ្ដល់សេវាសំខាន់ៗដល់ប្រជាជនប៉ាឡេស្ទីន។ UNRWA ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៩ ដើម្បីផ្តល់ជំនួយសម្រាប់ជនជាតិប៉ាឡេស្ទីនដែលបានភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេមុន និងក្នុងកំលុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៤៨ ក៏ដូចជាសម្រាប់កូនចៅរបស់ពួកគេ។
អង្គការនេះ ផ្តល់ជំនួយ ការអប់រំ ការថែទាំសុខភាព និងសេវាកម្មផ្សេងទៀតដល់ប្រជាជនប៉ាឡេស្ទីនប្រហែល២,៥លាននាក់ នៅតំបន់ហ្កាហ្សា តំបន់ West Bank និង East Jerusalem ព្រមទាំង៣លាននាក់ទៀត នៅក្នុងប្រទេសស៊ីរី ហ្ស៊កដានី និងលីបង់។ មុនពេលការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ UNRWA បានបើកសាលារៀនសម្រាប់កុមារ៦៥ម៉ឺននាក់នៅហ្កាហ្សា ព្រមទាំងកន្លែងសុខភាព និងបានជួយផ្តល់ជំនួយមនុស្សធម៌។ អង្គការនេះ ក៏បានបន្តផ្តល់ការថែទាំសុខភាព ស្បៀងអាហារ និងជំនួយផ្សេងទៀតដល់ប្រជាជនប៉ាឡេស្ទីនក្នុងអំឡុងពេលសង្រ្គាម។
ក្នុងកំលុងកាន់តំណែងអាណត្តិដំបូង លោក ត្រាំ បានផ្អាកការផ្ដល់មូលនិធិដល់ UNRWA ក្នុងឆ្នាំ២០១៨ ប៉ុន្តែលោក បៃឌិន ចូលរួមឡើងវិញ។ សហរដ្ឋអាម៉េរិក គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់ទីភ្នាក់ងារនេះចំនួន៣៤៣លានដុល្លារក្នុងឆ្នាំ២០២២ និង៤២២លានដុល្លារនៅឆ្នាំ២០២៣។ ជាច្រើនឆ្នាំមកនេះ អ៊ីស្រាអែលចោទប្រកាន់ UNRWA ពីភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល ជាអ្វីដែលទីភ្នាក់ងារនេះបដិសេធ៕

