រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី-កម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគណៈប្រតិភូ ស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនេះ ឯកឧត្តម ឯកអគ្គរាជទូតអូស្រ្តាលី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ រវាង ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំផ្ទាល់ ដោយបានបញ្ជាក់ថា វិស័យអប់រំគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាវិស័យគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងបន្តគាំទ្រលើវិស័យអប់រំ ដូចជាកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ដែលបានជួយគាំទ្រដល់សិស្សនិស្សិតកម្ពុជាជាច្រើននាក់នាពេលកន្លងមក ក្នុងការទទួលបានគុណភាពអប់រំអន្តរជាតិ ក៏ដូចជាធាតុចូលសំខាន់ៗ និងគំនិតផ្តួចផ្តើមនានារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងការបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ចំពោះការជួយគាំទ្រមកលើវិស័យអប់រំនាពេលកន្លងមក ជាពិសេសចំពោះការផ្តល់នូវអាហារូបករណ៍សម្រាប់ប្រជាជនកម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងចលករដ៏មានសក្ដានុពលក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីសិក្សាអន្តរជាតិដូចជា ថ្នាក់បរិញ្ញាបត្រអន្តរជាតិ (IB) និងវគ្គសិក្សា STEM ដើម្បីឱ្យយុវជនកម្ពុជាត្រៀមខ្លួនក្នុងដំណើរជីវិតការសិក្សាបន្តទៀត។
ក្រៅពីការផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋាភិបាលអូស្ត្រាលីឱ្យមានការសហការជាមួយប្រទេសកម្ពុជាក្នុងការនាំយកកម្មវិធីសិក្សារបស់ប្រទេសអូស្ត្រាលីផ្ទាល់មកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យកាន់តែមានភាពងាយស្រួលដល់សិស្សានុសិស្សកម្ពុជាក្នុងការសិក្សា និងផ្តល់ឱកាសដល់ពួកគាត់ ឱ្យទទួលបានការអប់រំប្រកបដោគុណភាពខ្ពស់ និងតាមកម្រិតស្តង់ដាអន្តរជាតិ។
សាជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានចូលរួមកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលនានាលើគ្រប់វិស័យ និងសង្ឃឹមជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី និងប្រទេសកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយគ្នាបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យអប់រំ នានាក្នុងគោលដៅបន្តអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

