ប្រធានាធិបតីបេឡារុស បន្តក្រាញអំណាចដឹកនាំប្រទេស៧ អាណត្តិជាប់ៗគ្នា

មីនស្កិ៍៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌ័រ លូកាហ្សេនកូ បន្តក្រាញអំណាចដឹកនាំប្រទេស៧ អាណត្តិជាប់ៗគ្នា ជាមួយនឹងជ័យជម្នះដ៏ត្រចះត្រចង់នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៦ ខែមករា ខណៈរដ្ឋាភិបាលលោកខាងលិចបានទិតៀនការបោះឆ្នោតនេះថាជាការបោកប្រាស់។
លោក លូកាហ្សេនកូ ទទួលបានសំឡេងឆ្នោតជិត៨៧,៧ ភាគរយ ដើម្បីបន្តដឹកនាំប្រទេសបេឡារុស៧ អាណត្តិជាប់ៗគ្នា ចាប់តាំងពីឆ្នាំ១៩៩៤។ យ៉ាងណាមិញ អ្នកនយោបាយអ៊ឺរ៉ុប បានតិះដៀលថា ការបោះឆ្នោតនេះមិនសេរី ឬយុត្តិធម៌ទេ ដោយសារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានហាមឃាត់នៅក្នុងអតីតរដ្ឋសូវៀតនេះ ហើយឥស្សរជនប្រឆាំងឈានមុខត្រូវបានធ្វើទុក្ខបុកម្នេញ ឬបង្ខំឱ្យភៀសខ្លួនទៅក្រៅប្រទេស។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាន់ណាឡេណា ប៊ែរបុកក៍ (Annalena Baerbock) បានសង្កត់ធ្ងន់លើបណ្តាញសង្គម X ថា ៖«ប្រជាជនបេឡារុសគ្មានជម្រើសទេ។ គ្រប់គ្នាចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យ»។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក រ៉ាដូស្លរ ស៊ីកូរស្គី (Radoslaw Sikorski) បានសម្ដែងការភ្ញាក់ផ្អើល ដោយមានអ្នកបោះឆ្នោតរហូតដល់៨៧,៧ភាគរយគាំទ្របុរសផ្តាច់ការរូបនេះ។
នៅពេលសួរអំពីការចាប់គូប្រជែងនយោបាយដាក់គុក លោក លូកាហ្សេនកូ បានឆ្លើយតបថា ពួកគេបានជ្រើសរើសជោគវាសនាបែបនេះដោយខ្លួនឯង។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា ៖«អ្នកខ្លះជ្រើសរើសគុក អ្នកខ្លះជ្រើសរើសការនិរទេស។ យើងមិនបានបណ្តេញនរណាម្នាក់ចេញពីប្រទេសទេ»។ ក្រុមមន្ត្រីបានអះអាងថា អ្នកទៅបោះឆ្នោតមានចំនួន ៨៥,៧ភាគរយ ក្នុងចំណោមមនុស្ស៦លាន ៩ សែននាក់ ដែលមានសិទ្ធិបោះឆ្នោត។ បុរសខ្លាំងរបស់បេឡារុសរូបនេះ ក៏បានច្រានចោលការរិះគន់របស់ពួកលោកខាងលិចថា គ្មានន័យ ហើយថាមិនខ្វល់ថាលោកខាងលិចទទួលស្គាល់ការបោះឆ្នោតឬក៏អត់នោះឡើយ៕

