រដ្ឋមន្ត្រីការបរទេសអាម៉េរិកថ្មី ពិភាក្សាអំពីសកម្មភាពគ្រោះថ្នាក់ និងអស្ថិរភាពរបស់ចិននៅសមុទ្ទចិនខាងត្បូងជាមួយហ្វីលីពីន

វ៉ាស៊ីនតោន៖ លោក ម៉ាកូ រ៉ូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាម៉េរិកថ្មី បានពិភាក្សាអំពីសកម្មភាពគ្រោះថ្នាក់ និងអស្ថិរភាពរបស់ចិននៅសមុទ្ទចិនខាងត្បូងជាមួយសមភាគីហ្វីលីពីន កាលពីថ្ងៃពុធទី២២មករា ហើយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តការពារជាតិអាម៉េរិករឹងមាំដូចដែកថែបចំពោះរដ្ឋធានីម៉ានីល។
ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីការហៅទូរសព្ទរបស់លោក រ៉ូប៊ីអូ ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អែនរីកគេ ម៉ាណាឡូ ថា៖«លោករដ្ឋមន្ត្រី រ៉ូប៊ីអូ អះអាងពីអាកប្បកិរិយារបស់ចិន ធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយមិនស្របនឹងច្បាប់អន្តរជាតិ»។
សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា នៅក្នុងការហៅទូរសព្ទជាមួយលោក ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាម៉េរិកថ្មី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះហ្វីលីពីន នៅក្រោមសន្ធិសញ្ញាការពារទៅវិញទៅមក ហើយបានពិភាក្សាអំពីវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែស៊ីជម្រៅ។
ការហៅទូរសព្ទរវាងប្រមុខការទូតហ្វីលីពីន និងសហរដ្ឋអាម៉េរិកធ្វើឡើងបន្ទាប់ពីប្រមុខការទូតអាម៉េរិកធ្វើជាម្ចាស់ផ្ទះទទួលសមភាគីអូស្ត្រាលី ឥណ្ឌា និងជប៉ុន នៅក្នុងវេទិកា Quad ដែលផ្តោតលើប្រទេសចិនកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រឡប់ទៅកាន់សេតវិមានវិញ។ សមាជិក Quad និងហ្វីលីពីនចែករំលែកការព្រួយបារម្ភដូចគ្នា អំពីអំណាចដែលរីកឡើងរបស់ចិន។
នៅមុនការស្បថចូលកាន់តំណែងរបស់លោក ត្រាំ សម្ព័ន្ធមិត្តចាក់ទឹកមិនលិចទាំង២ ហ្វីលីពីន និងសហរដ្ឋអាម៉េរិក បានធ្វើសមយុទ្ធដែនសមុទ្ទរួមគ្នាលើកទីប្រាំនៅសមុទ្ទចិនខាងត្បូង ចាប់តាំងពីការចាប់ផ្តើមធ្វើលំហាត់សឹករួមគ្នាក្នុងឆ្នាំ២០២៣។ កិច្ចសហប្រតិបត្តិការសន្តិសុខរវាងសម្ព័ន្ធមិត្តទាំង២ មានសន្ទុះខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) ដែលមានទំនោរទៅរកមហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោក ដើម្បីប្រឆាំងនឹងមហាអំណាចសេដ្ឋកិច្ចទី២។ មិនត្រឹមតែប៉ុណ្ណោះ ហ្វីលីពីនក៏អនុញ្ញាតឱ្យកងទ័ពអាម៉េរិកចូលប្រើមូលដ្ឋានយោធាហ្វីលីពីនបានរហូតដល់៩ទីតាំង។ ហ្វីលីពីន បានប៉ះទង្គិចគ្នាជាញឹកញយជាមួយនាគរាជអាស៊ីចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
បំពេញទស្សនកិច្ចនៅហ្វីលីពីន កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកាស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) បាននិយាយថា គំនិតផ្តួចផ្តើមត្រីភាគីដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលបានចាប់ផ្តើមដោយប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន នឹងត្រូវបានពង្រឹងនៅពេលដែលរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិកចូលកាន់តំណែង៕

