ប្រទេសប៉ាណាម៉ា ដាក់ពាក្យប្តឹងទៅកាន់UN ជុំវិញការគំរាមកំហែងរបស់ លោក ដូណាល់ ត្រាំ ក្នុងការដណ្តើមយកព្រែក ជីកទៅគ្រប់គ្រងវិញ

ប៉ាណាម៉ា៖ ប៉ាណាម៉ាបានដាក់ពាក្យប្តឹងទៅកាន់អង្គការសហប្រជាជាតិ (UN) ជុំវិញការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដណ្តើមយកព្រែក ជីកទៅគ្រប់គ្រងវិញ។
នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរេស រដ្ឋាភិបាលនៅរដ្ឋធានីប៉ាណាម៉ា បានលើកឡើងពីមាត្រានៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមសមាជិកណាមួយកុំឱ្យគំរាមកំហែង ឬប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់សមាជិកដទៃ។ លិខិតដែលបានចែកចាយដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី២១មករា ជំរុញឱ្យលោក ហ្គូទែរេស បញ្ជូនរឿងនេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែមិនបានស្នើសុំឱ្យមានការប្រជុំនោះឡើយ។
លោក ត្រាំ នៅក្នុងសុន្ទរកថាស្បថឡើងកាន់តំណែងកាលពីថ្ងៃចន្ទ បានលើកឡើងម្ដងទៀតថា មហាយក្សចិនកំពុងប្រតិបត្តិការព្រែក ជីក ប៉ាណាម៉ាប្រកបដោយប្រសិទ្ធភាពតាមរយៈវត្តមានដែលកំពុងកើនឡើងនៅជុំវិញផ្លូវទឹក ដែលសហរដ្ឋអាម៉េរិកបានប្រគល់ឱ្យប្រទេសប៉ាណាម៉ានៅចុងឆ្នាំ១៩៩៩។
លោកបន្តថា៖«យើងមិនបានឱ្យវាទៅចិនឡើយ យើងបានផ្តល់ឱ្យវាទៅប្រទេសប៉ាណាម៉ា។ ហើយយើងនឹងយកវាមកវិញ»។ នៅ វេទិកា សេដ្ឋកិច្ច ពិភពលោក ក្នុង ទីក្រុងដាវ៉ូស ប្រទេស ស្វីស កាលពីថ្ងៃពុធទី២២ ខែមករា ប្រធានាធិបតី ប៉ាណាម៉ា លោក ចូសេ រ៉ាអ៊ូល មូលីណូ បាន វាយ បក វិញ ថា ព្រែកជីកនេះ មិន មែន ជា អំណោយ របស់ សហរដ្ឋ អាម៉េរិកឡើយ។
លោក មូលីណូ បានលើកឡើងថា៖«យើងបដិសេធទាំងស្រុងនូវអ្វីគ្រប់យ៉ាងដែលលោក ត្រាំ បាននិយាយ។ ទីមួយព្រោះវាមិនពិត និងទីពីរដោយសារតែព្រែកជីក ប៉ាណាម៉ា ជាកម្មសិទ្ធិរបស់ប្រទេស ប៉ាណាម៉ា ហើយនឹងបន្តជាកម្មសិទ្ធិរបស់ យើង»។
នៅពេលសួរកាលពីថ្ងៃពុធអំពីសំណុំ រឿង ព្រែក ជីក ប៉ាណាម៉ា រដ្ឋធានីប៉េកាំង បានបដិសេធមិនដែលបានជ្រៀតជ្រែកនៅក្នុងព្រែក ជីក នេះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង និយាយថា ចិនតែងតែគោរពអធិបតេយ្យភាពរបស់ប៉ាណាម៉ាលើព្រែកជីក និងបានទទួលស្គាល់ព្រែកជីកនេះ ជាផ្លូវទឹកអន្តរជាតិអព្យាក្រិត។
ការិយាល័យត្រួតពិនិត្យរបស់ប៉ាណាម៉ា ដែលត្រួតពិនិត្យអង្គភាពសាធារណៈបានប្រកាសថា សវនកម្មពេញលេញនឹងត្រូវចាប់ផ្តើមក្នុងគោលបំណងធានានូវការប្រើប្រាស់ធនធានសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនៅក្រុមហ៊ុនកំពង់ផែប៉ាណាម៉ា។ ក្រុមហ៊ុននេះ ជាផ្នែកមួយនៃក្រុមហ៊ុន Hutchison Ports ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CK Hutchison Holdings មានមូលដ្ឋាននៅទីក្រុងហុងកុង ដំណើរការកំពង់ផែ Balboa និងCristobal នៅចុងម្ខាងនៃព្រែកជីក។
បុរសសេដ្ឋកិច្ច ត្រាំ បាននិងកំពុងបង្កើនសម្ពាធជាច្រើនសប្តាហ៍មកហើយ ដើម្បីយកព្រែកជីកមកគ្រប់គ្រង់វិញ ខណៈតាមរយៈនោះ៤០ភាគរយនៃចរាចរណ៍កុងតឺន័ររបស់សហរដ្ឋអាម៉េរិកធ្វើដំណើរ។ មិនត្រឹមតែប៉ុណ្ណោះ លោក មិនបាន បដិសេធពីការ ប្រើ កម្លាំង យោធា ដើម្បី ទាមទារព្រែកជីកត្រឡប់មក វិញ ទេ។ ចាប់តាំងពីឆ្នាំ២០០០មក ផ្លូវទឹកនេះបានរួមចំណែកជាង៣០ពាន់លានដុល្លារអាម៉េរិក ដល់ហិរញ្ញវត្ថុរដ្ឋរបស់ប៉ាណាម៉ា រួមទាំងជិត២,៥ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំសារពើពន្ធចុងក្រោយ៕

