វីដេអូយកដៃស្តាំដាក់លើទ្រូង បន្ទាប់មកឡើងចង្អុលទៅមេឃរបស់មហាសេដ្ឋីអាមេរិក Elon Musk ក្លាយជាប្រធានបទក្ដៅ លើប្រព័ន្ធអ៊ីនធឺណិត

វ៉ាស៊ីនតោន៖ វីដេអូយកដៃស្តាំដាក់លើទ្រូង ហើយបន្ទាប់មកឡើងចង្អុលទៅមេឃរបស់មហាសេដ្ឋីអាម៉េរិក លោក អ៊ីឡុន ម៉ាស បានក្លាយជាប្រធានបទក្ដៅនៅលើប្រព័ន្ធអ៊ីនធឺណិត។ មនុស្សមួយចំនួនគិតថា កាយវិការនេះស្រដៀងនឹងកាយវិការគោរពរបស់ពួកណាស៊ីអាល្លឺម៉ង់ ប៉ុន្តែអ្នកខ្លះបានលើកឡើងថា កាយវិការនេះហាក់ដូចជាតំណាងឱ្យភាពរីករាយទៅវិញទេ។ លោក អ៊ីឡុន ម៉ាស បានធ្វើកាយវិការបែបនេះអំឡុងពេលសុន្ទរកថា អបអរពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
លោក ម៉ាស បានឡើងទៅកាន់ឆាក Capital One Arena ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអបអរសាទរលោក ត្រាំ ដោយយកដៃដាក់ស្តាំរបស់ខ្លួនដាក់លើទ្រូង ហើយក្រោយមកលើកឡើងទៅលើ ហើយស្រែកថា «Yesssss»។ លោក ម៉ាស បានឡើងថ្លែងសុន្ទរកថា លើឆាក Capital One Arena ថា៖«នេះមិនមែនជាជ័យជម្នះធម្មតាទេ។ នេះតំណាងឱ្យចំណុចរបត់មួយនៅក្នុងអរិយធម៌របស់មនុស្ស»។ លោកបន្តថា៖«នេះជារឿងសំខាន់មួយ។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលធ្វើឱ្យវាកើតឡើងបាន! សូមអរគុណ»។ វីដេអូ និងរូបភាពនៃកាយវិការរបស់លោក ត្រូវបានចែកចាយ និងវែកញែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធអ៊ីនធឺណិត។
អ្នកប្រើបណ្ដាញសង្គមសម្ដែងការតក់ស្លុតចំពោះកាយវិការរបស់លោក ម៉ាស។ សាស្ត្រាចារ្យប្រវត្តិសាស្ត្រម្នាក់នៅសាកលវិទ្យាល័យញូវយ៉ក បានលើកឡើងថា៖«អ្នកប្រវត្តិសាស្ត្រនៃហ្វាស៊ីសនិយមនៅទីនេះ។ វាជាការគោរពរបស់ពួកណាស៊ី ហើយក៏ជាការប្រមាថយ៉ាងខ្លាំងផងដែរ»។ យ៉ាងណាមិញ សម្ព័ន្ធប្រឆាំងការបរិហារកេរ្តិ៍ ដែលតាមដានការប្រឆាំងនឹងជនជាតិជ្វីសបានបញ្ចេញមតិថា៖«លោក ម៉ាស ហាក់ដូចជាបានធ្វើកាយវិការឆ្គាំឆ្គងមួយចេញពីភាពរីករាយរបស់ខ្លួន តែវាមិនមែនជាការកាយវិការគោរពណាស៊ីទេ។ យ៉ាងណា យើងសូមអរគុណអ្នកទាំងអស់គ្នាដែលចេញប្រតិកម្ម»។ លើសពីនេះ អ្នកប្រើប្រាស់កម្មវិធី X មួយចំនួនបានចេញមុខការពារលោក ម៉ាស និងរិះគន់ការបង្ហោះដែលផ្តល់យោបល់អវិជ្ជមានផ្សេងៗ។
គួរបញ្ជាក់ថា លោក ម៉ាស បានគាំទ្រគណបក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់ (AfD) ដែលជាគណបក្សប្រឆាំងការធ្វើចំណាកស្រុកទៅកាន់ប្រទេសអាល្លឺម៉ង់ ជាពិសេសជនអន្តោប្រវេសន៍មូស្លីម នៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។ លោកក៏បានផ្សាយផ្ទាល់ជាមួយមេបក្សនេះ នៅលើបណ្តាញសង្គមរបស់លោកកាលពីដើមខែនេះផងដែរ៕

