សម្តេចតេជោ៖ កម្ពុជា-ម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍

ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសយើងទាំងពីរ (កម្ពុជា-ម៉ាឡេស៊ី) គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ។
ឆ្លៀតឱកាសនេះ សម្តេចតេជោ បានសម្តែងនូវការចូលរួមអបអរសាទរ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ៤៦ និង៤៧ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម Dato Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានតែងតាំង សម្តេចតេជោ ជាទីប្រឹក្សាលើកិច្ចការអាស៊ាន ដែលនេះគឺកិត្តិយសដ៏ធំធេងសម្រាប់សម្តេច។
សម្តេចតេជោ ក៏បានរំឭកអំពីទំនាក់ទំនងល្អរវាងសម្តេច និង ឯកឧត្តម Dato Seri Anwar bin Ibrahim តាំងពីឆ្នាំ១៩៩៥។ នាឆ្នាំ២០២៣ ឯកឧត្តម Dato Seri Anwar bin Ibrahim បានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើសុខុដុមនីយកម្មរវាងសាសនានៅកម្ពុជា។ សម្តេចតេជោ មានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការកើនឡើង ជាពិសេស ការផ្លាស់ប្តូរយ៉ាងច្រើននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
នៅក្នុងក្របខណ្ឌសភា សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅឆ្នាំនេះ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម មហាសន្និបាតអាយប៉ានឹងសម្រេចបានជោគជ័យ។ ទន្ទឹមគ្នានេះ សម្តេចតេជោ មានក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរ គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍…។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ជំងឺកូវីដ បានជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ឱ្យមានការខិតជិតគ្នា ស្របនឹងសុភាសិត «ជួញជិតប្រសើរជាងជួញឆ្ងាយ»។ សម្តេចតេជោ បានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង អាស៊ីប (RCEP) គឺជាសក្តានុពលនៃការអភិវឌ្ឍអាស៊ាន ឱ្យមានសមត្ថភាពខ្ពស់ និង ភាពរឹងមាំ ដោយអាស៊ានមិនគួរធ្វើជាស្មៅឱ្យដំរីជាន់នោះទេ។ សម្តេចតេជោ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ។
នៅចុងបញ្ចប់ សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខជូនឯកឧត្តម Awang Bemee bin Awang Ali Basah ប្រធានព្រឹទ្ធសភា និងឯកឧត្តម Dato Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជូន ពរឯកឧត្តម Tan Sri Dato Johari bin Abdul និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា៕

