ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី វរនាវីឯក Anne Brun អនុព័ន្ធយោធាអមស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចូលជួបពិភាក្សាការងារ។
ក្នុងជំនួបនេះឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលភាគីបារាំងតែងតែសហការល្អជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចំពោះការហ្វឹកហ្វឺនបណ្តុះបណ្តាល លើជំនាញរក្សាសន្តិភាព ដល់សិក្ខាកាមទ័ពមួកខៀវកម្ពុជា មុនបញ្ជូនចេញទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នាឯកឧត្តម សែម រតនា បានស្នើសុំទៅភាគីបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជាបន្តទៀត លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ និងស្នើឱ្យមានការរផ្លាស់ប្តូរទស្សនកិច្ចសិក្សាដើម្បីទទួលបានបទពិសោធន៍ពីគ្នាទៅវិញទៅមក។ និងបណ្តុះបណ្តាលលើជំនាញថ្មី ឱ្យត្រូវនឹង ទិសដៅរបស់អង្គការសហប្រជាជាតិ និង ស្នេីសុំធ្វេីលំហាត់ ត្រីភាគី កម្ពុជា បារាំង អង្គការសហប្រជាជាតិ។
ជាមួយគ្នាលោកស្រី Anne Brun បានបញ្ជាក់ថា ខាងភាគីបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការ និងបណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាព ដែលខាងមជ្ឈមណ្ឌលជាតិស្នើសុំ ព្រោះថា ក្រសួងការពារជាតិក៏ដូចជារដ្ឋាភិបាលបារាំង គឺមានកិច្ចសហការគ្នាជាយូរលង់ណាស់មកហើយដែរ។ លោកស្រីបន្ថែមថា ក្រសួងការពារជាតិបារាំង បានគាំទ្រខាងវិស័យរក្សាសន្តិភាព ជាមួយមជ្ឈមណ្ឌលជាតិច្រើនឆ្នាំមកហើយ បណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាពនេះ៕

