សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មាស សុភា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា គង់ លាន់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា គង់ លាន់។
តាមរយៈសារលិខិតរំលែកមរណទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាមានសេចក្តីសោកស្តាយជាពន់ពេក ក្រោយពីបានទទួលដំណឹងថា មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ១០កើត ខែ បុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០:៤០នាទីព្រឹក ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ចំពោះកូនចៅ ចៅទួត ដែលតែងតែខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានបុត្រាបុត្រី និងចៅៗ អស់ពីកម្លាំងកាយចិត្ត រហូត ក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើម និងបានបម្រើផលប្រយោជន៍ដល់សង្គមជាតិ។ មរណភាពរបស់មហា ឧបាសិកា គង់ លាន់ គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបាន លះបង់ទាំងពេលវេលា និងធនធាន ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយ វិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
ខ្ញុំ និងភរិយា សូមឧទ្ទិសកុសលបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា គង់ លាន់ ឆាប់បាន ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខ ដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា» ៕

