KCNA៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងកូនស្រី បានចូលរួមការប្រារព្ធពិធីឆ្លងឆ្នាំថ្មី អមជាមួយការបាញ់កាំជ្រួច និងការសម្ដែងរបាំលើទឹកកក

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃពុធទី១ ខែមករាឆ្នាំ២០២៥ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីរបស់គាត់ឈ្មោះ ជូ អេ (Ju Ae) បានចូលរួមក្នុងការប្រារព្ធពិធីឆ្លងឆ្នាំថ្មី អមជាមួយនឹងការបាញ់កាំជ្រួច និងការសម្ដែងរបាំលើទឹកកក។
រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានចូលរួមក្នុងមើលព្រឹត្តិការណ៍នេះ។ មិនមានការលើកឡើងពីការលើកឡើងណាមួយរបស់លោក គីម ទេ។ KCNA បានរាយការណ៍ថា លោក គីម បានទទួលសារឆ្នាំថ្មីពីប្រមុខរដ្ឋជាច្រើនរួមទាំងប្រធានាធិបតីចិនផងដែរ។ យ៉ាងណា ស្ថានប័ននេះមិនបានលើកឡើងពីឈ្មោះលោក ស៊ី ជីនពីង ឬបង្ហាញព័ត៌មានលម្អិតបន្ថែមនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះក៏មិនបានបញ្ជាក់ថា តើលោកគីមបានផ្ញើការស្វាគមន៍ទៅកាន់លោកស៊ីឬអត់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារទី៣១ ខែធ្នូឆ្នាំ២០២៤ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេស ជាមួយរុស្ស៊ីនៅក្នុងលិខិតរបស់លោកផ្ញើទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នៅក្នុងសារនោះ លោក គីម បានផ្ញើសារស្វាគមន៍ឆ្នាំថ្មីទៅកាន់លោក ពូទីន និងប្រជាជនរុស្ស៊ីទាំងអស់ រួមទាំងកងទ័ពរបស់ពួកគេ និងបានបង្ហាញពីឆន្ទៈក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដែលបុរសផ្តាច់ការកូរ៉េខាងជើងរូបនេះ បានបរិយាយថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ បានកើនឡើងដល់កម្រិតថ្មីមួយនៅឆ្នាំនេះ តាមរយៈគម្រោងថ្មីៗ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលបន្តថា៖«លោក គីម បង្ហាញក្ដីសង្ឃឹមថា ឆ្នាំថ្មី ឆ្នាំ២០២៥ នឹងត្រូវបានកត់ត្រាថា ជាឆ្នាំដំបូងនៃជ័យជម្នះក្នុងសតវត្សរ៍ទី២១ នៅពេលដែលកងទ័ព និងប្រជាជនរុស្ស៊ី នឹងកម្ចាត់ពួកណាហ្ស៊ីនិយម និងទទួលបានជ័យជម្នះដ៏អស្ចារ្យ»៕

