លោកជំទាវ ជា សិរី ជឿជាក់ថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេច ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារពុទ្ធិកសិក្សារាជបូណ៌ ខេត្តសៀមរាប និងពិធីរំឭកថ្ងៃកំណើត សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គម្រប់ខួប៨៦ ឈានចូល ៨៧ព្រះវស្សា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២នេះ លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា វត្តរាជបូណ៌ ដែលពីបុរាណហៅថា វត្តបុទុមកេសរ ត្រូវបានកសាងឡើង នៅឆ្នាំ១៦៥០ ក្នុងរជ្ជកាលសម្តេចព្រះបាទនរោត្តម ហើយក្នុងរបបប្រល័យពូជសាសន៍ ព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញ ជាពិសេសក្បួនច្បាប់ និងគម្ពីរព្រះពុទ្ធសាសនាជាច្រើន ត្រូវបានកម្ទេចចោល។
លោកជំទាវ ជា សិរី មានប្រសាសន៍ទៀតថា ក្រោយជ័យជំនះ ៧មករា ១៩៧៩ ប្រទេសកម្ពុជា បានជ្រកក្រោមម្លប់ សន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យប្រជាជនខ្មែរ មានសិទ្ធិក្នុងការគោរពបូជាសាសនា ធ្វើបុណ្យទានដោយចិត្តជ្រះថ្លា និងសេរីភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ។ មកដល់បច្ចុប្បន្ន វត្តរាជបូណ៌ មានសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះគ្រូចៅអធិការ សម្ដេចបានរៀបចំឱ្យមានសាលាពុទ្ធិកវិទ្យាល័យ មានសមណសិស្សប្រមាណជាង ៥០០អង្គ បានធ្វើការសិក្សាជារៀងរាល់ឆ្នាំ។
សម្ដេចបានបង្កើតឱ្យមានស្ថានីយវិទ្យុ សម្រាប់ផ្សព្វផ្សាយដល់គ្រប់ទីកន្លែងទាំងវិស័យព្រះពុទ្ធសាសនា វប្បធម៌ និងការអប់រំនានា ព្រមទាំងបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ សម្រាប់បង្ហាត់បង្រៀនចំណេះដឹងខាងផ្នែករបាំ ផ្នែកចម្លាក់ក្បាច់ និងគំនូរ ផ្នែកភ្លេងបុរាណ ដើម្បីរក្សាវប្បធម៌ឱ្យផូរផង់ រស់រវើក និងថ្កុំថ្កើង។ បន្ថែមពីនេះ សម្តេចបានផ្តួចផ្តើមកសាងព្រះវិហារ ឧបដ្ឋានសាលា កុដិ សាលាបាលី និងសាលាសិល្បៈ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។
លោកជំទាវបន្តថា ព្រះគំរូវីរភាព សមិទ្ធផល និងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងអស់នេះ ជាការរួមចំណែកដ៏ធំធេងរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងការថែរក្សាតម្លៃព្រះពុទ្ធសាសនា ក៏ដូចជាការរក្សាមរតកវប្បធម៌ជាតិឱ្យរុងរឿង ដែលសមិទ្ធផលទាំងអស់នេះ លោកជំទាវបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យមានការកសាង ពុទ្ធិកសិក្សានៅតាមវត្តអារាមនានាជាបន្តបន្ទាប់ ទាំងកម្រិតបឋម មធ្យម និងឧត្តម ដើម្បីបណ្តុះចំណេះដឹង កាន់តែប្រសើរឡើងដល់ធនធានព្រះសង្ឃ ដើម្បីភាពរុងរឿងនៃព្រះពុទ្ធសាសនា និងសង្គមកម្ពុជា។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានថេរដីកាថា ខេត្តសៀមរាប ដែលជាដែនសីមាដ៏ចំណាស់មួយនៃព្រះរាជាណាចក្រកម្ពុជា និងពោពេញទៅដោយសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដ៏សម្បូរបែប សម្បត្តិទាំងនេះពិតជាបានបង្ហាញឱ្យអ្នកជំនាន់ក្រោយសន្និដ្ឋានបានថា ដូនតាខ្មែរពិតជាយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សជាកត្តាសំខាន់។ ក្នុងទសវត្សទី៦០ រហូតមកទល់សម័យសាធារណៈរដ្ឋខ្មែរ នៅក្នុងខេត្តសៀមរាប ក៏មានពុទ្ធិកបឋមសិក្សាផងដែរ ដែលមានទីតាំងនៅក្នុងវត្តដំណាក់ ហើយពេលនោះព្រះគ្រូចៅអធិការវត្តដំណាក់ និងវត្តព្រះព្រហ្មរ័ត្ន ជាអ្នកជំរុញឱ្យព្រះសង្ឃបានសិក្សារៀនសូត្រតាមប្រព័ន្ធពុទ្ធិកសិក្សា ហើយចៅអធិការទាំងពីរព្រះអង្គត្រូវបានគេប្រឆាំងជេរប្រមាថ ដែលពេលនោះអ្នកបុរាណ តាំងខ្លួនជាអ្នកអភិរក្សសាសនាមកចោទប្រកាន់ និងហៅចៅអធិការទាំងពីររូបនោះថា ជាអ្នកបួសបំផ្លាញព្រះពុទ្ធសាសនា និងធ្វើឱ្យព្រះពុទ្ធសាសនាលែងបរិសុទ្ធ ក្រុមនោះបានហៅព្រះអង្គថាលោកសម័យ។
សម្តេចបន្តថា ប៉ុន្តែសម័យបច្ចុប្បន្ននេះ យើងទាំងអស់គ្នាកំពុងរស់ក្រោមម្លប់នៃសុខសន្តិភាព ហើយក៏ជាឱកាសមួយសម្រាប់ព្រះអង្គ បានចូលរួមយ៉ាងសកម្មបន្តទៀត ដើម្បីពង្រឹង និងពង្រីកសាលាពុទ្ធិកសិក្សាឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមអភិវឌ្ឍន៍កត្តាធនធានមនុស្សឱ្យស្របទៅនិងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា អគារពុទ្ធិកដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ សាងសង់លើផ្ទៃដីទំហំ ៣៤២ម៉ែត្រការ៉េ មានបណ្តោយ ៣៦ម៉ែត្រ និងទទឹង ៩,៥ម៉ែត្រ មានកម្ពស់ ៤ជាន់ រួមទាំងជាន់ផ្ទាល់ដី ដែលមានបណ្ណាល័យ១ សាលប្រជុំធំ១ និងបន្ទប់រដ្ឋបាល១ ហើយបីជាន់ខាងលើជាបន្ទប់សិក្សាសរុប ១២បន្ទប់ ដែលក្នុងនោះមានកុំព្យូទ័រលើតុ ៣០គ្រឿង, LCD Projector និងស្គ្រីន LCD (Screen LCD) ៣ឈុត, ម៉ាស៊ីនត្រជាក់ ៥គ្រឿង, កង្ហារ ៦៤គ្រឿង, តុកៅអីសរុបចំនួន ៤៧៩ និងសម្ភារៈគ្រឿងបរិក្ខារចាំបាច់ផ្សេងៗមួយចំនួនទៀត៕

