វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS

មូស្គូ៖ ជំនួយការប្រធានាធិបតីរុស្ស៉ី លោក Yury Ushakov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជិត២០ប្រទេសទៀត បន្ថែមលើប្រទេសជាដៃគូដែលបានជ្រើសរើស កំពុងបង្ហាញចំណាប់អារម្មណ៍ ចូលរួមជាមួយ BRICS។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ ២០២៤។
លោក Ushakov បានឱ្យដឹងថា ទ្វារនៃសមាគមនៅតែបើកចំហសម្រាប់ប្រទេស ដែលមានគំនិតដូចគ្នា។ ពេលនេះប្រទេសជាង២០ទៀតបានបង្ហាញចំណាប់អារម្មណ៍ ជាមួយ BRICS ដូចជា ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដែស អាស៊ៃបៃហ្សង់ បារ៉ែន បួគីណាហ្វាសូ ហុងឌូរ៉ាស់ គុយវ៉ែត ម៉ារ៉ុក នីការ៉ាហ្កា ប៉ាគីស្ថាន ប៉ាឡេស្ទីន សេណេកាល់ ស៊ូដង់ខាងត្បូង ស៉ីរី វ៉េណេស៊ុយអេឡា និងហ្ស៉ីមបាវ៉េ។ ចំណែកប្រទេសអេរីទ្រា ក៏មានបំណងធ្វើកាជាមួយ BRICS ផងដែរ។
លោក Ushakov បានបញ្ជាក់ថា វាច្បាស់ណាស់ថា ការពង្រីកសមាគមរបស់យើង ដោយមិនមានការត្រួតពិនិត្យ នឹងធ្វើឱ្យខូចឆ្អឹងខ្នងសមាគម។ យើងត្រូវការជំហ៊ានបន្តិចម្តងៗ ឱ្យមានភាពចុះសម្រុង និងត្រឹមត្រូវ។
គួរបញ្ជាក់ថា បច្ចុប្បន្ន BRICS មានសមាជិកសរុប ៩ប្រទេសដូចជា ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៉ីប អេត្យូពី អ៉ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួម។

