អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិត គូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន និងចាត់ទុកអ្នកគិតបែបនេះថា គឺជាជនអគតិ ប្រៀបបានជាមនុស្សគេងមិនលក់ ហើយព្យាយាមធ្វើជាគេងលក់។
នាឱកាសដែលសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក កើត ឆែ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យ ស្តីពីការប្រារព្ធទិវាសន្តិភាព នៅកម្ពុជា ២៩ធ្នូ ដែលទើបតែមាន ជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំនេះ គឺជាស្មារតីចងចាំមួយ ត្រូវតែថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ និងដឹងគុណជានិច្ច នូវអគ្គមគ្គុទេសសន្តិភាព តែមួយគត់របស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។
លោក កើត ឆែ ក៏បានលើកជាឧទាហរណ៍ថា បើសន្តិភាពនៅកម្ពុជា មិនមានភាពច្បាស់លាស់ មិនមែនប៉ុន្មានថ្ងៃកន្លងទៅនេះ មានបណ្តាលគណបក្សមកីបណ្តាប្រទេសជាច្រើន បានមកប្រារព្ធធ្វើសន្និសីទធំៗ នៅព្រះរាជាណចក្រកម្ពុជា ហើយថែមទាំងសម្តេចតេជោ ទទួលបានពានរង្វាន់មេដៃសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលពានរង្វាន់សទស្សវត្តិអាស៊ី ICAPP នោះទេ ។
ក្នុងនោះលោកអភិបាលរង ក៏បានលើកឡើង នូវកេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជា ដែលបានជាប់ឆ្នោតជាសមាជិកនៃគណកម្មការចាត់តាំង កសាងសន្តិភាព នៃអង្គការសហប្រជាជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសផងដែរ៕
