ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ

ភ្នំពេញ៖ ផ្លូវកៅស៊ូ៤ខ្សែប្រវែង៧៥គីឡូម៉ែត្រ កំពុងធ្វើការស្ថាបនាក្នុងស្រុកមោងឫស្សី ដើម្បីឆ្លើយតបនិងតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកជាច្រើនឆ្នាំ និងអាចជួយសម្រួលដល់ការធ្វើដំណើរទៅមកផ្សេងៗទៀតនៅក្នុងមូលដ្ឋាន ជាពិសេសការដឹកជញ្ជូនកសិផលជាដើម។
បើតាមលោក ទេព ហន អភិបាលស្រុកមោងឫស្សីបានឡើងថា ឆ្នាំ២០២៤នេះស្រុកមោងឫស្សីទទួលបានផ្លូវជាច្រើនខ្សែ ពីគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូរអភិវឌ្ឍអ៉ឺរ៉ុប ក្នុងនោះមានផ្លូវកៅស៊ូ០៤ខ្សែ ប្រវែង៧៥គីឡូម៉ែត្រ ខ្សែទី១ ប្រវែង ២៩. ៣០០គីឡូម៉ែត្រ តភ្ជាប់ក្នុងឃុំ ជ្រៃ ឃុំតាលាស់ និងឃុំកកោះ ខ្សែទី២ ប្រវែង ១៤.១០០គីឡូម៉ែត្រ ភ្ជាប់ពីឃុំកកោះទៅឃុំមោងឫស្សី ខ្សែទី៣ ប្រវែង ២២.១០០គីឡូម៉ែត្រត ភ្ជាប់ពីឃុំរបស់មង្គលទៅស្រុកគាស់ក្រឡ និងខ្សែទី៤ ប្រវែង៨ គីឡូម៉ែត្រ ចាប់ពីឃុំតាលាស់ទៅភូមិម៉ាណោក។
លោកអភិបាលស្រុកបន្ដថា ស្រុកមោងឫស្សីទទួលផ្លូវក្រាលគ្រួសក្រហម៤ខ្សែទៀត ខ្សែទី១នៅឃុំជ្រៃ ប្រវែង៩.១៣០គីឡូម៉ែត្រ ខ្សែទី២ នៅឃុំតាលាស់ ភូមិម៉ាណោក ប្រវែង៨គីឡូម៉ែត្រ ខ្សែទី៣ នៅឃុំរបស់មង្គលប្រវែង៤គីឡូម៉ែត្រ និងខ្សែទី៤ នៅឃុំឫស្សីក្រាំង ភូមិបឹងព្រៃមានជ័យ ប្រវែងជាង៤គីឡូម៉ែត្រជាគម្រោងជួយស្ថាបនាឡើងដោយក្រសួងព្រះបរមរាជវាំង។
លោកបានបន្ថែមថាផ្លូវទាំងនេះមានផ្លូវមួយចំនួន បានចាប់ផ្ដើមធ្វើបានរយះពេលមួយឆ្នាំកន្លងទៅហើយ ដោយឥឡូវធ្វើបានប្រហែល៤០ភាគរយ តែថាគេធ្វើរួចរាល់ពេលណានោះ លោកនៅមិនទាន់ដឹងនៅឡើយទេ ព្រោះក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកធ្វើ។
លោកបានបន្ដថាផ្លូវទាំងនេះពិតជាបានជួយប្រជាពលរដ្ឋច្រើនណាស់ ក្នុងការធ្វើដំណើរ ឆ្លងកាត់ទៅមក ព្រោះពីមុនផ្លូវទាំងនេះ មានភាពពិបាកណាស់ ពេលណាដែលភ្លៀងធ្លាក់ម្ដង់ៗ ដីស្អិត ជង្ហុកច្រើនពិបាកធ្វើដំណើរ។ តែបច្ចុប្បន្ននេះ បើទោះបីជាគេមិនទាន់ស្ថាបនារួចរាល់មែន តែក៏បានចាក់ថ្មមិចក្រាលវាមានភាពងាយស្រួលជាងមុន។
លោកអភិបាលស្រុកបន្ដលើកឡើងថា សម្រាប់មូលនិធិរបស់ស្រុក ឆ្នាំនេះ អភិវឌ្ឍបានផ្លូវបេតុងពីរខ្សែ ប្រវែង១០៧៦ម៉ែត្រ ខ្សែទី១ ប្រវែង៦៧០ម៉ែត្រ នៅភូមិកន្សៃបន្ទាយ និង ខ្សែទី២ប្រវែង៤០៦ម៉ែត្រ នៅឃុំគារ ដោយបេតុងផ្លូវពីរខ្សែនេះ បានស្ថាបនារួចរាល់និងដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
លោកអភិបាលស្រុកមោងឫស្សីក៏បានអំពាវនាវនិងសំណួមពរដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សាផ្លូវឲ្យបានល្អ កុំដឹកលើសទម្ងន់ដែលបានកំណត់បណ្ដាលខូចខាតផ្លូវជាដើម។
ចំណែកលោក ស៊ិន ប្រញ៉ាប់ អាយុ២៦ឆ្នាំ ពលរដ្ឋរស់នៅស្រុកមោងឫស្សីបានប្រាប់ឱ្យដឹងថា លោកមានការត្រេកអរសប្បាយរីករាយជាខ្លាំង ចំពោះការចាក់បេតុង និងផ្លូវនានាក្នុងស្រុក សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យមានភាពងាយស្រួលជាងមុន ពិសេសចំពោះសិស្សានុសិស្សដែលត្រូវទៅរៀននៅ អនុវិទ្យាល័យនិងវិទ្យាល័យមោងឫស្សីនោះតែម្ដង៕

