លោកស្រី ទេព ស៊ីណាត បើកការបោះជំរំយុវជនជាសកលលើកទី១០ ក្រោមប្រធាន “យុវជន និងមរតកសន្តិភាព៖ ទស្សនាសៀមរាប ឆ្នាំ២០២៤”

ភ្នំពេញ៖ ការបោះជំរំយុវជនជាសកលលើកទី១០ បានរៀបចំពិធីបើក ក្រោមអធិបតីភាពលោកស្រី លោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន តំណាងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានរបស់ លោក លោកស្រីថ្នាក់ដឹកនាំ អគ្គនាយក ដ្ឋានយុវជន គណៈកម្មការអន្តរក្រសួង រៀបចំការ បោះជំរំ យុវជន ជាសកល និងសមាជិកសមាជិកាជំរំ។
ចាប់ផ្ដើមដោយ របាយការណ៍សង្ខេបដោយ លោក រស់ ភារៈ តំណាង គណៈកម្មការរៀបចំកម្មវិធី ដែលលោកបានមានប្រសាសន៍ តាមរយៈ ការចូលរួមក្នុងការបោះជំរំនាពេលនេះ យុវជនជាសមាជិកជំរំ នឹងទទួលបាននូវការអភិវឌ្ឍសមត្ថភាព និងបំណិនផ្នែកបច្ចេកវិទ្យាព័ត៌មាន ឌីជីថល ការបង្កើតគំនិតថ្មី និងឱកាសភ្ជាប់បណ្តាញទំនាក់ទំនង ស្មារតីសហគ្រិនភាព ភាពជាអ្នកដឹកនាំ ចូលរួមលើកស្ទួយផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ ពង្រឹងកាយសម្បទា ស្មារតីមនុស្សធម៌ ចរិយាធម៌ សុខភាពផ្លូវចិត្ត យល់ពីហានិភ័យនៃការប្រើប្រាស់ហិរញ្ញវត្ថុ ដោយមិនមានមូលដ្ឋានច្បាស់លាស់ ពិសេស ស្វែងយល់ពីដំណើរស្វែងរក «សន្តិភាព» ដែលមានតម្លៃមិនអាចគណនាបានជូនជាតិមាតុភូមិ។
លោកស្រី ទេព ស៊ីណាត បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក្រុមការងារ អគ្គនាយកដ្ឋានយុវជន និងយុវជន ស្ម័គ្រចិត្ត ចំពោះការរៀបចំកម្មវិធីប្រកបដោយគុណតម្លៃនេះ។
ជាមួយគ្នានេះ លោកស្រី អគ្គនាយករងយុវជន ក៏បានកោតសរសើរចំពោះប្រតិភូយុវជនលើការរៀបចំតុបតែងជំរំ ក៏ដូចជាម្ហូបអាហារដ៏មានឱជារស។ លោកស្រីអគ្គនាយករងយុវជន បានមានប្រសាសន៍បន្ថែមទៀតថា សូមឱ្យការបោះជំរំ របស់ យើងក្លាយជាឱកាសនៃការបង្កើតទំនាក់ទំនង បំផុស ជំរុញ និងលើកទឹកចិត្ត។ នៅពេលដែលប្អូនៗត្រឡប់ទៅវិញ ខ្ញុំសង្ឃឹមថា ប្អូនៗនឹងនាំយកទៅជាមួយមិនគ្រាន់តែអនុស្សាវរីយ៍ល្អៗ ថែមទាំងស្មារតីទទួលខុសត្រូវថ្មីមួយ គឺបេសកកម្មកសាងសង្គមមួយដែលធ្វើឱ្យសន្តិភាពមិនមែនត្រឹមតែជាក្តីសុបិនប៉ុណ្ណោះទេ គឺជាសន្តិភាពដែល មានពិតតាមរយៈ សកម្មភាព របស់ ប្អូនៗផ្ទាល់។
បន្ទាប់មក គណៈអធិបតី បានប្រគល់ភ្លើងគប់ជូនដល់មេកងជំរំ ដើម្បីដុតបំភ្លឺអបអរសាទរការបោះជំរំយុវជនជាសកលលើកទី១០ ក្រោមបរិយាកាសរីករា និងការរាំលេងកម្សាន្ត៕

