ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អញ្ជើញចូលរួមបើកវេទិកា Indo-Pacific Regulatory Strengthening Program (RSP) នៅខេត្តសៀមរាប

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានចូលរួមជាអធិបតីក្នុងឱកាសបើកវេទិកា Indo-Pacific Regulatory Strengthening Program (RSP) នៅសណ្ឋាគារខតថ៍យ៉ាដ ម៉ារីយ៉ត សៀមរាប រីស៊ត ខេត្តសៀមរាប។
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយអាជ្ញាធរស្តង់ដាផលិតផលសុខភាពអូស្រ្តាលី (TGA) ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវកិច្ចប្រជុំ និងវេទិកាជាបន្តបន្ទាប់ដូចខាងក្រោម៖
– កិច្ចប្រជុំ Indo-Pacific Regulatory Strengthening Program (RSP) Steering Committee
– វេទិកា Indo-Pacific Regulatory Strengthening Program (RSP)
– កិច្ចប្រជុំដៃគូពាក់ព័ន្ធ។
ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងអំណរគុណដល់ អាជ្ញាធរស្តង់ដាផលិតផលសុខភាពអូស្រ្តាលី ដែលបានគាំទ្រប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ក្នុងការពង្រឹងប្រព័ន្ធបទប្បញ្ញត្តិ និងកែលម្អការអនុវត្តបទប្បញ្ញត្តិ ដើម្បីធានាបានទាន់ពេលវេលានូវផលិតផលឱសថ ដែលធានាគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព។ ឯកឧត្តមអគ្គនាយក បានជម្រាបជូនថា អង្គវេទិកានេះមានសារៈសំខាន់ណាស់ ដែលអាចផ្តល់ឱ្យអ្នកចូលរួមទាំងអស់បានផ្លាស់ប្តូរការយល់ដឹងដ៏មានតម្លៃ ដើម្បីជំរុញភាពជាដៃគូ និងកំណត់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ សំដៅចូលរួមការពារសុខភាពរបស់ប្រជាពលរដ្ឋរបស់ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងតំបន់។ ដោយឡែកកិច្ចប្រជុំ និងវេទិកានេះ មានអត្ថប្រយោជន៍សំខាន់សម្រាប់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។
កិច្ចប្រជុំ និងវេទិកានេះ មានការចូលរួមពីតំណាងប្រទេសចំនួន ១១ រួមមានមន្រ្តីជំនាញ នៃនាយដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរស្តង់ដាផលិតផលសុខភាពអូស្រ្តាលី អាជ្ញាធរគ្រប់គ្រងឱសថមកពីសាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ម៉ាឡេស៊ី សាធារណរដ្ឋហ្វីលីពីន ព្រះរាជាណាចក្រថៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ហ្វីជី ប៉ាពួញូហ្គីណេ ទីម័រឡេស្ត Department of Foreign Affairs and Trade (DFAT) អង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធចំនួន ៦៥ រូប ៕

