សម្តេចធិបតី ស្នើថ្នាក់ដឹកនាំគ្រប់រាជធានី-ខេត្ត ចាត់តាំងឱ្យមានការរៀបចំផ្សព្វផ្សាយ នូវសារទាំងឡាយនៃទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើថ្នាក់ដឹកនាំគ្រប់រាជធានី-ខេត្ត ទាំងអស់ចាត់តាំងឱ្យមានការរៀបចំផ្សព្វផ្សាយ តាមរូបភាពផ្សេងៗ នូវសារទាំងឡាយនៃទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និង គ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» សម្រាប់ជាការដាស់តឿន ឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការទប់ស្កាត់ និង ការពារខ្លួនពីអំពើជួញដូរមនុស្ស។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី បានណែនាំដល់ប្រជាជនគ្រប់រូប គប្បីរួមសហការគ្នា ការពារទប់ស្កាត់រាល់បទល្មើស ការពារកូនចៅ និង អ្នករស់នៅក្នុងសហគមន៍ ពីភាពរងគ្រោះ និង គប្បីផ្តល់ការអនុគ្រោះជួយការពារគាំទ្រ និង អប់រំព្យាបាលរបួសផ្លូវចិត្តជនធ្លាប់រងគ្រោះ និង ជួយតម្រង់ទិសទៅរកភាពរីកចម្រើន។
សម្តេចធិបតី បន្ថែមថា លើសពីនេះប្រជាជនគប្បីរាយការណ៍សហការ និងគាំទ្រអាជ្ញាធរ និងសមត្ថកិច្ចឱ្យធ្វើការស៊ើបអង្កេត និង បង្ក្រាបបទល្មើស និងជនល្មើស ដើម្បីសុវត្ថិភាពសហគមន៍៕

