ក្រុម ឧទ្ទាម ស៊ីរី វាយចូល ក្រុង អាឡិបប៉ូ ជា លើក ដំបូង ក្នុង រយៈ ពេល ៨ ឆ្នាំ

ដាម៉ាស៖ បើតាមប្រភពយោធាចំនួន៣ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អាជ្ញាធរស៊ីរីបានបិទអាកាសយានដ្ឋានអាឡិបប៉ូ ក៏ដូចជាផ្លូវទាំងអស់ដែលចូលទៅក្នុងទីក្រុងនៅថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកា ខណៈដែលក្រុមឧទ្ទាមប្រឆាំងនឹងប្រធានាធិបតី បាសាអាល់អាសាដ (Bashar al-Assad) បានប្រកាសថាពួកគេបានទៅដល់បេះដូងនៃទីក្រុងអាឡិបប៉ូ។
ក្រុមយុទ្ធជនប្រឆាំងដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham បានវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងសប្តាហ៍នេះ។
ប្រភពយោធា២ បានឱ្យដឹងថា ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក អាសាដ បានសន្យាថានឹងផ្តល់ជំនួយយោធាបន្ថែមដល់រដ្ឋធានីដាម៉ាស ដើម្បីរារាំងក្រុមឧទ្ទាម។ កងទ័ពស៊ីរីត្រូវបានគេប្រាប់ឱ្យអនុវត្តតាមការដកទ័ពដោយសុវត្ថិភាពពីតំបន់សំខាន់ៗនៃទីក្រុងដែលពួកឧទ្ទាមបានចូល។
ក្រុមឧទ្ទាមបានចាប់ផ្តើមការលុកលុយរបស់ពួកគេកាលពីថ្ងៃពុធ ហើយនៅល្ងាចថ្ងៃសុក្រពួកគេកំពុងវាយលុកតាមសង្កាត់ផ្សេងៗនៃទីក្រុងអាឡិបប៉ូ។ ពួកគេ កំពុង វិល ត្រឡប់ មក ទីក្រុង នេះ ជា លើក ដំបូង គិត ចាប់ តាំង ពី ឆ្នាំ ២០១៦ មក នៅ ពេល ដែល លោក អាសាដ និង សម្ព័ន្ធមិត្ត របស់ លោក គឺ រុស្ស៊ី អ៊ីរ៉ង់ និង កងជីវពល ស៊ីអ៊ីត ក្នុង តំបន់ បាន ដណ្តើម យក វិញ ដោយ ពួក បះបោរ បាន យល់ព្រម ដក ខ្លួន ចេញ បន្ទាប់ ពី ការ ទម្លាក់ គ្រាប់បែក និង ការ ឡោមព័ទ្ធ អស់ រយៈពេល ជាច្រើន ខែ។
ក្រុមយុទ្ធជនប្រឆាំងបានអះអាងថា យុទ្ធនាការនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រឆាំងនឹងជនស៊ីវិលដោយកងកម្លាំងអាកាសរុស្ស៊ី និងស៊ីរី លើតំបន់នានាក្នុងខេត្ត Idlib ដែលកាន់កាប់ដោយក្រុមឧទ្ទាម និងដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីកងទ័ពស៊ីរី។
យោងតាមប្រភព ប្រឆាំង ដែល ទាក់ ទង នឹង ចារកម្ម តួកគី តួកគីបាន ផ្តល់ ភ្លើង ខៀវ ដល់ ការ វាយលុក។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសតួកគី អនគុ ខេសេលី (Oncu Keceli) បាននិយាយថា តួកគីបានព្យាយាមជៀសវាងអស្ថិរភាពកាន់តែខ្លាំងនៅក្នុងតំបន់ ហើយបានព្រមានការវាយប្រហារនាពេលថ្មីៗនេះបានធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងកាត់បន្ថយការកើនឡើងនៃភាពតានតឹង។
គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២០ នៅពេលដែលរុស្ស៊ី និងតួកគី បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយជម្លោះ៕

