ឧត្តមសេនីយ៍ឯក ហួត ឈាង ផ្សព្វផ្សាយការកែសម្រួលនីតិវិធីវាយតម្លៃ ការដាក់យោធិនអាជីព ឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនពលី មរណៈពិការ ឆ្នាំ២០២៥-២០២៦

ភ្នំពេញ៖ នៅថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងទ័ពជើងគោក ផ្សព្វផ្សាយស្តីពី ការកែសម្រួលនីតិវិធីវាយតម្លៃការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនពលី មរណៈ ពិការ ឆ្នាំ២០២៥- ២០២៦ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក។
ឧត្តមសេនីយ៍ឯក ហួត ឈាង បានបញ្ជាក់ពីគោលបំណងផ្សព្វផ្សាយស្តីពី ការកែសម្រួលនីតិវិធីវាយតម្លៃការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនពលី មរណៈ ពិការ ឆ្នាំ២០២៥-២០២៦ ដើម្បីឱ្យយោធិនទូទាំងកងទ័ពជើងគោក ទទួលបានព័ត៌មានស្តីពីការជ្រើសរើសកំណត់មុខ សញ្ញាការដាក់ចូលសោធននិវត្តន៍ យោធិនមានរបួស-ពិការឱ្យបាន ជ្រួតជ្រាបពីខ្លឹមសារ នៃសេចក្តីសម្រេចលេខ ០៣៩/២០២៣ ស.ស.រ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការបង្កើត យន្តការ និងនីតិវិធីគ្រប់គ្រងយោធិនពិការ ចំណុះអគ្គបញ្ជាការដ្ឋាន និងធ្វើការបំពេញសំណុំលិខិតតាមការកំណត់ជាយោធិនរបួស-ពិការ រួចរាយការណ៍ជូន អនុគណៈកម្មការ ឬក្រុមការងារសម្របសម្រួលអនុវត្ត យន្តការ និងនីតិវិធីគ្រប់គ្រងយោធិនពិការរបស់កងឯកភាព បូកសរុបរាយការណ៍ស្នើសុំមក គណៈកម្មការ សម្របសម្រួលនីតិវិធីគ្រប់គ្រងយោធិនពិការ របស់អគ្គបញ្ជាការ ដើម្បីសុំគោលការណ៍ប្រមូលផ្តុំ តាមកងឯកភាព ចុះត្រួតពិនិត្យរួមគ្នាក្នុងពេលតែមួយ រួចរាយការណ៍សុំការពិនិត្យសម្រេចពី ឯកឧត្តម អគ្គមេបញ្ជាការ និងបន្តស្នើសុំទៅក្រុមប្រឹក្សាវាយតម្លៃប្រភេទថ្នាក់ពិការ។
ឧត្តមសេនីយ៍ឯក ហួត ឈាង បានផ្តាំផ្ញើដល់បណ្តាអង្គភាពត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ស្របតាមគោលការណ៍កំណត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្មារតីអង្គប្រជុំ អគ្គបញ្ជាការ ទីចាត់ការបុគ្គលិក និងបណ្តាជំនាញពាក់ព័ន្ធស្តីពីការកែសម្រួលនីតិវិធីវាយតម្លៃ ការដាក់យោធិនទាំង២ភេទ ឱ្យចូលនិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ សម្រាប់ឆ្នាំ ២០២៥-២០២៦ ដោយត្រួតពិនិត្យយោធិនទាំង ២ប្រភេទ ដោយមានការប្រជុំថ្នាក់ដឹកនាំវាយតម្លៃឱ្យបានហ្មត់ចត់ សុក្រិត្យភាព និងតម្លាភាព ។
សូមបញ្ជាក់ថា៖ ការកែសម្រួលនីតិវិធីវាយតម្លៃការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនពលី មរណៈ ពិការ ឆ្នាំ២០២៥-២០២៦ ត្រូវដាក់ជាជម្រើសមុនគឺ៖
-ការដាក់យោធិនសោធននិវត្តន៍ យោធិនមានអាយុចាប់ពី ៦០ឆ្នាំឡើង (មានសុខភាពទ្រុឌទ្រោម បាត់បង់សមត្ថភាពការងារ)។
-ចំពោះយោធិនមានអាយុចាប់ពី ៦០ឆ្នាំឡើងដែលមានជំនាញឯកទេស និងឆ្លងកាត់ការបណ្តុះបណ្តាល ឬ យោធាចារ្យអាចរក្សាទុកឱ្យនៅបន្តការងារដោយផ្អែកតាមលក្ខខណ្ឌដូចជា (មានសុខភាពល្អ មានឆន្ទៈបំពេញការងារ និងវិន័យល្អ និងជាតម្រូវការចាំបាច់របស់កងឯកភាព។
-ដោយឡែកយោធិនមានអាយុក្រោម ៦០ឆ្នាំ ដែលមានសុខភាពទ្រុឌទ្រោម បាត់បង់សមត្ថភាពការងារ ត្រូវរក្សាឱ្យនៅបន្តការងាររយៈពេល ០២ឆ្នាំ (២០២៥-២០២៦) រហូតដល់មានគោលការណ៍ថ្មី។ ទន្ទឹមនោះដែរយោធិនមានអាយុក្រោម ៦០ឆ្នាំ អាចដាក់ចូលសោធននិវត្តន៍បានដោយផ្អែកតាមលក្ខខណ្ឌ
-សាម៉ីយោធិនស្ម័គ្រចិត្ត ដោយមានកំណត់ហេតុ និងពាក្យស្នើសុំរបស់សាម៉ីយោធិន
-មានសុខភាពទ្រុឌទ្រោម មិនអាចមកបម្រើការងារបាន ៕

