ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការផ្ញើសារអបអរសាទររបស់មេដឹកនាំកម្ពុជា ចំពោះជ័យជំនះរបស់ឯកឧត្តម ដូ ណាល់ត្រាំ គឺជាឥរិយាបថប្រទេសជាមិត្ត

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការផ្ញើសារអបអរសាទររបស់មេដឹកនាំកម្ពុជាចំពោះជ័យជំនះរបស់ឯកឧត្តម ដូ ណាល់ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក គឺជាឥរិយាបថនៃប្រទេសជាមិត្ត ខណៈដែលកម្ពុជា គ្មានសត្រូវនៅលើឆាកតំបន់ និងឆាកអន្តរជាតិនោះទេ។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងឋានៈកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក កម្ពុជាក៏ប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំល្អ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដូចបណ្ដាថ្នាក់ដឹកនាំប្រទេសផ្សេងៗក្នុងសកលលោកដែរ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏បានផ្ញើសារអបអរសាទរចំពោះឯកឧត្តម ដូណាល់ ត្រាំ ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ដូច្នេះប្រតិកម្មរបស់កម្ពុជា គឺជាឥរិយាបថនៃប្រទេសជាមិត្ត ខណៈដែលកម្ពុជាគ្មានសត្រូវនៅលើឆាកតំបន់ និងឆាកអន្តរជាតិនោះទេ កម្ពុជាមានតែចង់ធ្វើជាមិត្តនៃបណ្ដាប្រទេសទាំងតូចទាំងធំនៅលើសកលលោក។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា ឯកឧត្តម ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខទៅ ហើយដូចនៅក្នុងលិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតីអីចឹង គឺនៅឆ្នាំ២០២៥ខាងមុខ ក៏ជាខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជានិងសហរដ្ឋអាមេរិកដែរ ដែលនោះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ពង្រឹកទំនាក់ទំនងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឱកាសខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតនេះ កម្ពុជាប្រាថ្នាចង់ឃើញការពង្រឹងមិត្តភាពឱ្យកាន់តែមាំទាំ ខណៈក្នុងគ្នានេះកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តថានឹងយកឱកាស រកមធ្យោបាយធ្វើយ៉ាងណាពង្រឹងមិត្តភាពរវាងអាស៊ាន និងអាមេរិកឱ្យកាន់តែជាប់លាប់រឹងមាំល្អ ៕
